ក្ដីកង្វល់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកវ៉ារិន ត្រូវបានលើកយកមកដោះស្រាយក្នុងវេទិកាសាធារណៈរបស់ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកវ៉ារិន

ចេញផ្សាយ៖ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦

សៀមរាប៖កាលពីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកវ៉ារិន ដឹកនាំដោយឯកឧត្តម ឃុនសាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម និងជាប្រធានក្រុមការងារ បានដឹកនាំរៀបចំវេទិកាសាធារណៈ ស្តីពីការត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្នុងន័យជំរុញការអភិវឌ្ឍលើគ្រប់វិស័យក្នុងមូលដ្ឋានតាមរយៈការទទួលស្ដាប់ពីការលើកឡើងពីក្ដៅកង្វល់ និងសំណូមពរនានារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានយកមកធ្វើការដោះស្រាយ។

ក្នុងឱកាសនោះ លោក ធិននី វិធូ អភិបាលស្រុក និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកវ៉ារិន បានលើកឡើងអំពីសមិទ្ធផលដែលរដ្ឋបាលស្រុកសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៦ រួមមាន ការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋការរក្សាសន្តិសុខសណ្ដាប់ធ្នាប់បានល្អប្រសើរដោយគ្មានបទល្មើសព្រហ្មទណ្ឌកើតឡើង និងការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។ លោកក៏បានគូសបញ្ជាក់ពីបញ្ហាប្រឈមមួយចំនួនដូចជា ការប្រែប្រួលអាកាសធាតុ កង្វះឧបករណ៍ផលិតកម្មកសិកម្មទំនើប និងបញ្ហាកុមារបោះបង់ការសិក្សាដោយសារជីវភាពគ្រួសារ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ឃុន សាវឿន ប្រធានក្រុមការងារ បានលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋលើកឡើងនូវរាល់បញ្ហាប្រឈម និងសំណូមពរនានា ដើម្បីឱ្យក្រុមការងារ និងមន្ត្រីជំនាញធ្វើការបកស្រាយ និងស្វែងរកដំណោះស្រាយជូនភ្លាមៗ។ ពិតណាស់ ការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ គឺដើម្បីបង្ខិតសេវាឱ្យមកកៀកប្រជាពលរដ្ឋ បង្កើនប្រសិទ្ធភាពការងារ និងកាត់បន្ថយពេលវេលា ក៏ដូចជាការចំណាយរបស់បងប្អូន។

សូមជម្រាបថា វេទិកាសាធារណៈនាពេលនេះ ក្រុមការងារទទួលបាននូវសំណួរសំណូមពរចំនួន៦ ពីប្រជាពលរដ្ឋរួមមាន ការស្នើសុំមណ្ឌលសុខភាពនៅឃុំប្រាសាទ ស្នើសុំឱ្យមានអំពូលភ្លើងសូឡាបំភ្លឺតាមដងផ្លូវ បញ្ហាដីធ្លី បញ្ហាផលិតកម្មនាំចេញពីកសិករមានតម្លៃថោក គ្រឿងញៀន និងសំរាម។ ជុំវិញសំណួរសំណូមពរទាំងអស់ ត្រូវបានមន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធធ្វើការដោះស្រាយ និងបកស្រាយជូនភ្លាមៗផងដែរ។

ថ្លែងបិទវេទិកា ឯកឧត្តម ឃុន សាវឿន ក៏បានណែនាំដល់អាជ្ញាធរស្រុក និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវពន្លឿនការដោះស្រាយ និងអនុវត្តសំណូមពររបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព បន្តពង្រឹងរបៀបរបបការងារ រក្សាសាមគ្គីភាព និងត្រូវខិតខំដោះស្រាយបញ្ហាដែលនៅសេសសល់ ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីបម្រើផលប្រយោជន៍ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងស្រុកវ៉ារិន ឱ្យកាន់តែប្រសើរឡើង។

ឯកឧត្តមប្រធានក្រុមការងារ ក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានរួមគ្នាសម្រេចបានសមិទ្ធផលធំៗគួរឱ្យកត់សម្គាល់ក្នុងរយៈពេលកន្លងមក។ តបតាមសំណូមពររបស់ប្រជាពលរដ្ឋ បានជំរុញដល់អាជ្ញាធរ និងមន្រ្ដីពាក់ព័ន្ធពង្រឹងកិច្ចសហការជាមួយក្រុមការងារធ្វើយ៉ាងណាពន្លឿនការងារតាមសំណូមពរ និងការស្នើសុំ ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។

ឯកឧត្ដមក៏បានកោតសរសើរដល់ក្រុមការងារចុះមូលដ្ឋានស្រុកវ៉ារិន មន្រ្ដីជំនាញ មន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ដែលបានសហការគ្នាដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា និងប្រសិទ្ធភាព៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *