ពេទ្យគ្មានច្បាប់ម្នាក់ ចាក់ថ្នាំក្មេងបណ្ដាលឱ្យប្រកាច់ស្លាប់ នៅស្រុករលាប្អៀរ

ខេត្តកំពង់ឆ្នាំង៖ អ្នកពេទ្យម្នាក់មានឈ្មោះ ហូ ថុង រស់នៅភូមិផ្លូវគោ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បើកព្យាបាលជំងឺ ដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ បានចាក់ថ្នាំក្មេងស្រីម្នាក់បណ្ដាលឱ្យប្រកាច់ និង ស្លាប់ បន្ទាប់អាណាព្យាបាលព្យាយាមបញ្ជួន ទៅព្យាបាលបន្ត នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ។

ប្រភពឱ្យដឹងថា ក្មេងស្រីដែលរងគ្រោះ មានឈ្មោះ គឹម ចាន់តី អាយុ ៥ឆ្នាំ រស់នៅភូមិ ចំបក់ប្រាសាទ ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានឪពុកឈ្មោះ មី សុគា អាយុ ៤១ឆ្នាំ និង ម្ដាយឈ្មោះ ម៉ុន ចាន់ទី អាយុ២៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ-ឃុំជាមួយគ្នា។

 

ប្រភពបន្តថា នៅមុនពេលកើតហេតុ ក្រុមគ្រួសារក្មេងស្រីរងគ្រោះបាននាំនាង ដែលកំពុងមានជំងឺមកនៅផ្ទះព្យាបាលឯកជន របស់អ្នកគ្រូពេទ្យឈ្មោះ ហូ ថុង ដែលស្ថិតនៅក្នុងភូមិផ្លូវគោ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពេលវេលាម៉ោង ១៥ និង ៣០ នាទីថ្ងៃទី ២២ ខែកក្កដាឆ្នាំ ២០២៣។

ប្រភពបញ្ជាក់ថា ពេលនោះអ្នកគ្រូពេទ្យបានវាស់កម្ដៅ ហើយក៏បានចាក់ថ្នាំចំនួនពីរម្ជុល នៅលេីភ្លៅកុមារីរងគ្រោះទាំងសងខាង ក្រោយពីចាក់រួចភ្លាមៗ ស្រាប់តែកុមារីមានអាការៈបញ្ឈរភ្នែក មុខឡើងខ្មៅ ឃើញដូច្នេះអ្នកគ្រូពេទ្យរូបនោះក៏បានដាក់សេរ៉ូមហើយក៏ឲ្យឪពុកម្ដាយកុមារីរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យខេត្ត តែអកុសល មុនពេលទៅដល់មន្ទីរពេទ្យខេត្តកុមារីរងគ្រោះបានស្លាប់បាត់ទៅហើយ។

តាមការបញ្ជាក់របស់សាក្សី ដែលត្រូវជាសាច់ញាតិរបស់អ្នកគ្រូពេទ្យខាងលើ បានបញ្ជាក់ថា ពេទ្យដែលបានចាក់ថ្នាំកុមារីបណ្ដាលអោយបាត់បង់ជីវិតនោះឈ្មោះ ហូ ថុង រស់នៅភូមិផ្លូវគោ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ជាពេទ្យគ្មានច្បាប់នោះទេ។

សាច់ញាតិអ្នកគ្រូពេទ្យនោះបញ្ជាក់បន្ថែមថា ករណីខាងលើនេះ ភាគីខាងគ្រូពេទ្យ នៅយប់ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ បានទៅសម្របសម្រួលជាមួយជនរងគ្រោះ ដើម្បីបញ្ចប់រឿង ជាថ្នូរនិងប្រាក់ជាង២០០០ដុល្លារ។

ជុំវិញការស្លាប់របស់កុមារី ខាងលើនេះផងដែរដែរ នៅល្ងាចថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៣ លោក សោម វឿន អធិការរងទទួលផែនសេនាធិការ នៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរ បានឲ្យដឹងថា ពិតជាមានករណីគ្រូពេទ្យចាក់ថ្នាំបណ្ដាលឱ្យកុមារីម្នាក់ស្លាប់ពិតប្រាកដមែន ប៉ុន្តែគ្រូពេទ្យនោះបានរត់គេចខ្លួនចេញពីផ្ទះបាត់ហើយ។

លោកអធិការរងរូបនេះបន្តថា លោកមិនបានដឹងអំពីរឿង ដែលអ្នកគ្រូពេទ្យ ទៅសម្របសម្រួលជាមួយក្រុមគ្រួសារជនរងគ្រោះ ដើម្បីបញ្ចប់រឿង ជាថ្នូរនិងប្រាក់ជាង២០០០ដុល្លារនោះដែរ។

លោក សោម វឿន អធិការរងទទួលផែនសេនាធិការ នៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរ បញ្ជាក់ថា ពេលនេះកម្លាំងជំនាញកំពុងតែស្រាវជ្រាវកំណត់មុខសញ្ញាតាមចាប់ ហើយរឿងនេះលោកក៍បានរាយការណ៍ជូនទៅលើរួចរាល់ផងដែរ។

ជុំវិញករណីនេះ ប្រជាពលរដ្ឌបានសម្ដែងនូវការព្រួយបារម្ភ ចំពោះស្រុកខ្មែរភាពរបស់ពួកគាត់ និងកូនចៅ នៅដែលមានការឈឺថ្កាត់ម្ដងតែងតែនាំគ្នា ស្វែងរកការព្យាបាល ដោយពុំបានដឹង ថាគ្រូពេទ្យមួយណាមានច្បាប់ព្យាបាលនិងគ្មានច្បាប់ព្យាបាលនោះទេ ហើយរឹតតែមិនដឹងទៀតនោះ ថាតើក្រុមគ្រូពេទ្យទាំងនោះ មានចំណេះជំនាញនិងវិជ្ជាជីវៈ ក្នុងការព្យាបាលជំងឺដែរឬទេ?

ប្រជាពលរដ្ឋបានធ្វើការគោរពស្នើសុំ ចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល មេត្តាចាត់វិធានការឲ្យបានតឹងរឹង ចំពោះគ្រូពេទ្យទាំងឡាយណា ដែលគ្មានចំណេះជំនាញច្បាស់លាស់ តែអាចបើកព្យាបាលប្រជាពលរដ្ឋបានយ៉ាងអាណាធិបតេយ្យ នៅតាមភូមិស្រុករបស់ពួកគាត់ផង និងជាពិសេសមេត្តាបញ្ជូនក្រុមគ្រូពេទ្យជំនាញ ចុះជួយព្យាបាលពួកគាត់ ដែលស្ថិតនៅភូមិដាច់ស្រយាល មានផ្លូវលំបាកធ្វើដំណើរ ទៅកាន់មន្ទីរពេទ្យផង ព្រោះក្នុងអំឡុងពេលនេះ ជារដូវវស្សាមានភ្លៀងធ្លាក់មានទឹកដក់ មានមុសខ្លា មានមុសដែកគោល និងជំងឺផ្សេងៗដែលតែងនយាយីដល់ភូមិស្រុករបស់ពួកគាត់៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *