ខេត្តសៀមរាប៖ ប្រទះឃើញសាកសពមនុស្សម្នាក់ ក្នុងសភាពចងក ហើមស្អុយរលួយ ត្រង់ចំណុចទឹកធ្លាក់ល្បើក(ភ្នំគូលែន) ស្ថិតក្នុងភូមិសង្កែរឡាក់ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប កាលពីវេលាម៉ោង ១១ និង២៥ នាទីថ្ងៃទី១៩ ខែ ឧសភា ឆ្នាំ២០២៣។
សមត្ថកិច្ចឲ្យដឹងថា ក្រោយទទួលព័ត៌មានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្វាយលើបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋខ្នងភ្នំ និង កម្លាំងប្រជាការពារ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យសព ឃើញថាជាមនុស្សប្រុស មានឈ្មោះ ឆាយ ឆៃ ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិសង្កែឡាក់ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។
សមត្ថកិច្ចបន្តថា នៅកន្លែងកើតហេតុស្រ្តីម្នាក់ មាន ឈ្មោះ ទៀប ច្រៀប អាយុ ៣៦ឆ្នាំ រស់នៅភូមិសង្កែឡាក់ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ដែលអះអាងថាជាប្រពន្ធរបស់ជនរងគ្រោះ បានអោយដឹងថា នៅមុនពេលកើតហេតុ ប្ដីរបស់ខ្លួនជាមនុស្សញៀនស្រាសរផឹកជាប្រចាំ មិនដែលសូវហូបបាយទឹក ពេលស្រវឹងម្ដងៗគាត់តែងតែដេកនៅលើដីក្រោមផ្ទះ ជាក់ស្ដែងនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៨ និង១០ នាទី ប្ដីរបស់ខ្លួនបានប្រាប់ខ្លួនថាសុំទៅឆ្លុះសត្វដោយបានវិចបាយមួយថង់ដៃតូច យកជុំពាមកៅស៊ូមួយ និងពូថៅមួយ ពិលមួយដាក់ស្ពាយនិងក្រម៉ាដើរចេញពីផ្ទះទៅទឹសខាងជើង លុះព្រឹកឡើងខ្លួនមិនឃើញប្ដីត្រឡប់មកផ្ទះវិញ ខ្លួនក៏បានទៅរាយការណ៍ជូនមេភូមិនិងសមត្ថកិច្ច អោយជួយដើររកតែរកមិនឃើញ លុះមកដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១១និង ២៥នាទី ខ្លួនជាមួយនិងអ្នកភូមិក៏បានប្រទះឃើញ ប្ដីរបស់ខ្លួនបានចងករនិងវល្លិ៍គុយភ្ជាប់នឹងមែកភ្លូដែលមានកម្ពស់៣ម៉ែត្រពីដី ស្លាប់បាត់ទៅហើយ។ បន្ទាប់មកក៏បានរាយការណ៍ជូនសមត្ថកិច្ចដើម្បីចុះពិនិត្យសព។
សមត្ថកិច្ចបញ្ជាក់ថា យោងតាមការបំភ្លឺពីសាក្សីជាប្រពន្ធរបស់ជនរងគ្រោះ និងការពិនិត្យរបស់កម្លាំងជំនាញ ជនរងគ្រោះស្លាប់ដោយសារចងករ ធ្វើអត្តឃាតដោយខ្លួនឯង ពុំមានស្លាកស្នាមពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌឡើយ។
បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ច ប្រគល់ជូនសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕នាគស