ប្រជាពលរដ្ឋប្រមាណ៥០០នាក់ នៅស្រុកបន្ទាយស្រី ខេត្ដសៀមរាប ទទួលបានការពិនិត្យសុខភាពនឹងព្យាបាលជំងឺឥតគិតថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី!

ខេត្តសៀមរាប៖ ឯកឧត្តម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងជារដ្ឋលេខាធិការក្រសួងផែនការ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ពិនិត្យសុខភាព និងព្យាបាល ព្រមទាំងចែកថ្នាំពេទ្យជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុកបន្ទាយស្រី ខេត្ដសៀមរាប ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឩត្តម ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី។ ការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ បានធ្វើឡើង នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ដែលសកម្មភាពមនុស្សធម៌នេះ បានពិនិត្យសុខភាពចែកជូនថ្នាំពេទ្យ ដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃចន្លោះពី៣០០នាក់ ទៅ៥០០នាក់ ។

 

លោក ប៉ែន ផល្គុន អនុប្រធានប្រតិបត្តិ ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ខេត្តសៀមរាប និងជាប្រធានមន្ទីរពេទ្យបង្អែកខេត្ដសៀមរាប មានប្រសាសន៍ថា ក្រុមការងារបានធ្វើការពិគ្រោះជំងឺរួមមាន៖ ជំងឺទូទៅ អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ រោគស្ត្រី ឫសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើរស្បែក ព្រូន ស្លេកស្លាំង សន្លាក់ឆ្អឹង រលាកថ្លើម កាមរោគ ជំងឺគ្រុនចាញ់ គ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ក ជំងឺតម្រងនោម អេកូសាស្ត្រ ម៉ាស៊ីនផ្លុំរកមេរោគក្រពះតាមរយ:ខ្យល់ដង្ហើម វាស់ចង្វាក់បេះដូង មន្ទីរពិសោធន៍(វិភាគឈាម) វះកាត់តូចនិងព្យាបាលរបួស។ល។ លោកបានបញ្ជាក់ថា ការពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នេះគឺជាស្មារតីមនុស្សធម៌សុទ្ធសាធដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋមួយចំណែកផងដែរ ។

លោក ពិន ប្រាកដ អភិបាលរងខេត្ដសៀមរាប បានថ្លែងថា សកម្មភាពមនុស្សធម៌នេះអាចប្រព្រឹត្តទៅបានក៏ដោយសារប្រទេសជាតិមានស្ថិរភាព និងសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លោកអភិបាលរងខេត្ដបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវតែរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថេរភាពតាមគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ឱ្យបានគង់វង្សព្រោះថាតាមរយៈគោលនយោបាយនេះហើយដែលធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ ។

ឯកឧត្តម លេង ផាលី បានឱ្យដឹងដែរថា បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យ សុភមង្គលជូនគ្រួសារនិងសង្គជាតិ។

សូមបញ្ជាក់ថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៤ ៦០១ នាក់ ហើយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តនេះបានចុះបេសកកម្មតាមការឧទ្ទេសនាមរបស់គណៈកម្មការចំពោះកិច្ចចាក់វាក់សាំងបង្ការជំងឺកូវីដ ១៩ ដោយឥតគិតថ្លៃ និងស្ម័គ្រចិត្តឥតគិតថវិកាបេសកកម្ម។ គិតចាប់តាំងពីចាប់ផ្តើមចាក់វ៉ាក់សាំងដំបូងពីខែមីនា ឆ្នាំ២០២១ មកដល់បច្ចុប្បន្នជូនប្រជាពលរដ្ឋតាមមូលដ្ឋាននានាក្នុងង ២៥ រាជធានី-ខេត្ត ដោយចាក់វ៉ាក់សាំងបានចំនួន ១០ ៥៤៣ ២៣៩ ដូស (ដប់លាន ហាសិបបួនម៉ឺនបីពាន់ពីររយសាមសិបប្រាំបួន ដូស)៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *