(កោះកុង)៖ ដីព្រៃលិចទឹកមួយកន្លែង ស្ថិតនៅចំណុចកំពុងឡាន ភូមិបានទៀត ឃុំដងពែង ស្រុកស្រែអំបិល ។
ត្រូវបានបុគ្គលអ្នកមានលុយ ដឹកអាចម៍ដីចាក់លុប និងដាក់ម៉ាសុីនបូមខ្សាច់ជាច្រើនគ្រឿង ដើម្បីបូមលុបព្រៃ.យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ខណៈដែលមិនទាន់មានច្បាប់អនុញ្ញាតនៅឡើយ..!។
ពលរដ្ឋនៅ ក្នុងឃុំដងពែង បានឱ្យដឹងថា៖ ទីតាំងព្រៃលិចទឹកខាងលើ កន្លងមកពុំមានបុគ្គលណាម្នាក់ហ៊ានរុករានទន្រ្ទានយកធ្វើជាកម្មសិទ្ធនោះទេ ព្រោះតំបន់នេះជាតំបន់ អភិរក្សនិងត្រូវហាមឃាត់ ។
តែផ្ទុយទៅវិញថ្មីៗនេះ ស្រាប់តែលិចមុខបុគ្គលមានលុយម្នាក់ ដាក់គ្រឿងចក្រ និងម៉ាស៊ីនបូមខ្សាច់ច្រើនគ្រឿង ។
មកបូមលុប ទីតាំងព្រៃខាងលើ ទាំងបំពាន ដើម្បីរំលោភយកធ្វើជាកម្មសិទ្ធិឯកជន ។
ដោយមិនខ្លាចញញើត ទៅនិងការហាមឃាត់របស់ជំនាញពាក់ព័ន្ធ និងផ្លូវច្បាប់សោះឡើយ ។
ប្រភពខាងលើបន្តថាៈសកម្មភាពចាក់លុបតំបន់ការពារអភិរក្សទាំងបំពានបែបនេះ ។
ដោយផ្អែកថាៈ អ្នកប្រព្រឹត្តជាបុគ្គលមានលុយមានអំណាច ខណៈអាជ្ញាធរនិងជំនាញពាក់ព័ន្ធ ។
ហាក់ធ្វើព្រងើយ មិនយកចិត្តទុកដាក់ការពារដីព្រៃរបស់រដ្ឋ”ស្រវាំងភ្នែកងាប់ត្រចៀកស្ដូក មើលមិនឃើញស្ដាប់មិនឮ រាល់សកម្មភាពទាំងនោះ”។
ក្នុងករណីនេះពលរដ្ឋ បានលើកឡើងទៀតថាៈ កន្លងមកតំបន់ព្រៃលិចទឹកខាងលើ ។
ត្រូវបានអាជ្ញាធរមានសមត្ថកិច្ច លើកជាទំនប់ទឹកប្រៃ ដើម្បីទប់ទឹកប្រៃ មិនអោយហូរបំផ្លាញដំណាំស្រូវរបស់ពលរដ្ឋ ។
ហើយព្រៃលិចទឹក ដែលនៅក្រៅទំនប់ត្រូវបានជំនាញពាក់ព័ន្ធ ហាមប្រាមមិនអោយជនណាម្នាក់ កាប់រុករានទន្ទ្រាននោះទេ ។
បើបុគ្គលណាហ៊ានច្បាស់ជាទទួលទោសទណ្ឌទៅតាមផ្លូវច្បាប់ជាក់ជាមិនខាន ។
តែពេលនេះ បែជាត្រូវបានបុគ្គលមានលុយ និងមានអំណាច ចាក់ដី និង បូមខ្សាច់លុបរំលោភយកធ្វើជាកម្មសិទ្ធ យ៉ាងរំភើយទៅវិញ..?។
គេចាំមើលថាៈ តើអាជ្ញាធរមានសមត្ថកិច្ច និងជំនាញពាក់ព័ន្ធ ក្នុងខេត្តកោះកុង មានវិធានផ្លូវច្បាប់ឬទប់ស្កាត់ករណីខាងលើឬអត់..?។
ជុំវិញការចោទប្រកាន់ខាងលើ លោក ទី យោង មេឃុំដងពែង បានបញ្ជាក់អោយដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ថាៈ ចំពោះការចាក់ដី និងបូមខ្សាច់នៅតំបន់ខាងលើ ។
លោកពុំបានដឹងថាៈមានច្បាប់ហើយឬនៅនោះទេ តែលោកគ្រាន់តែបានដឹងថាៈ កន្លងមកខាងអាជ្ញាធរស្រុក និងខាងក្រសួង បានចុះទៅពិនិត្យច្រើនដងមកហើយ!។
ចំណែក លោក ជា ចាន់កញ្ញា អភិបាលស្រុកស្រែអំបិល បានលើកឡើងថាៈ លោកកំពុងចាត់កម្លាំងចុះពិនិត្យនៅទីតាំងខាងលើហើយ តែការពិនិត្យនេះ ។
គឺខាងលោកពុំអនុញ្ញាតអោយខាងសារព័ត៌មាន ចូលរួមនោះទេ ដោយលោកធ្វើការងាររដ្ឋបាលជាមុនសិន!។
បើទោះបីជាមានការបកស្រាយយ៉ាងនេះក្តី ដោយឡែក លោក ប៉ិច ស៊ីយ៉ុន ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកោះកុង ។
បានថ្លែងបញ្ជាក់តាមទូរស័ព្ទថាៈ ចំពោះករណីបូមខ្សាច់ខាងលើ គឺគេបានសុំច្បាប់ពីខាងខេត្តរួចហើយ តែខេត្តនៅពុំទាន់ចេញច្បាប់អនុញ្ញាតនៅឡើយទេ ។
ហេតុនេះអាជ្ញាធរត្រូវប្រាប់អោយភាគីម្ចាស់ទីតាំងខាងលើ ផ្អាកសកម្មភាពរួចហើយ ។
តែបើម្ចាស់ទីតាំងខាងលើ នៅតែពុំព្រមអនុវត្តតាម ហើយនៅតែបន្តសកម្មភាពទៀតនោះ ខាងជំនាញនិងចុះទៅដកហូតគ្រឿងចក្រមិនខាន៕