ព្រះវិហារ៖ ភ្នំត្បែងដែលបានចុះបញ្ជីជាបេតិកភណ្ឌធម្មជាតិ កំពុងរងការកាប់បំផ្លាញឈើប្រណីតយកទៅលក់ឱ្យឈ្មួញយ៉ាងគគ្រឹកគគ្រេងតែមន្រ្ដីពាក់ព័ន្ធឆ្លើយថាមិនបានដឹងករណីនេះទេ។
កាលពីថ្ងៃទី៨ខែកក្កដា ឆ្នាំ២០២១អ្នកឃ្លាំមើលបទល្មើសព្រៃឈើបានសង្កេតឃើញរថយន្តស៊េរីទំនើបៗ ម៉ាកធុនត្រា ម៉ាកស៊ីណាម៉ាស្តា រថយន្តហ្វដ ពណ៌ត្រេអ៊ី ជាច្រើនគ្រឿងរបស់មេឈ្មួញម្នាក់បានដឹកឈើចេញពីភ្នំត្បែងស្ថិតនៅភូមិសុចនិងភូមិតាសែង ឃុំរណ:សិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ឈើទាំងនោះជាប្រភេទឈើលេខ១ សុក្រម និងឈើឈ្លីក យកទៅលក់ឱ្យឈ្មួញនៅខេត្តកំពង់ធំ។
ជុំវិញការកាប់បំផ្លាញធនធានធម្មជាតិ និងជំនួញឈើប្រណីតពីឈ្មួញនេះ គេមិនទាន់ឃើញមានការពន្យល់ពីលោក មឿង សំផុន នាយកបេតិកភណ្ឌធម្មជាតិភ្នំត្បែងនៅឡើយទេនៅរសៀលថ្ងៃទី៨ខែកក្កដាឆ្នាំ២០២១។លោក មាស ញឹម នាយកព្រៃឡង់ភ្នំត្នោតបានបញ្ជាក់ថា៖ លោកមិនដឹងអំពីមេឈ្មួញដឹកឈើនោះទេ ពីព្រោះលោកមមាញឹកនឹងការងារច្រើន។
លោក សុង ច័ន្ទសុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានប្រាប់អ្នកសារព័ត៌មានថា ពាក់ព័ន្ធទៅនឹងការកាប់បំផ្លាញព្រៃឈើ និងជំនួញឈើខាងលើ លោកមិនបានដឹងនៅឡើយទេ ។ប៉ុន្តែលោកបានបញ្ជាក់ចុងក្រោយបន្តិចថា លោកនឹងទៅសួរនាំកូន-ចៅថ្នាក់ក្រោមសិន។
ចំណែកលោក ជុំ ពុយ អភិបាលស្រុកសង្គមថ្មី និងជាប្រធានគណៈមេបញ្ជាការឯកភាពផងនោះក៏បានបញ្ជាក់ថា ការបំផ្លិចបំផ្លាញធម្មជាតិនៅភ្នំត្បែងនោះ គឺលោកមិនទាន់បានដឹងនៅឡើយដែរ។
នៅក្នុងរឿងនេះដែរអ្នកសារព័ត៌មាន នៅមិនទាន់សុំការបំភ្លឺពី លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារនៅឡើយទេនារសៀលថ្ងៃទី៨ ខែកក្កដាជុំវិញនៃការវិនាសធនធានធម្មជាតិនៅភ្នំត្បែង ដែលត្រូវបានចុះបញ្ជីបេតិកភណ្ឌធម្មជាតិរួចហើយនោះ៕