ខេត្តកំពត ៖ នាព្រឹកថ្ងៃសុក្រ ១០រោច ខែស្រាពណ៍ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្តម ហ៊ុន សុខា អនុប្រធានក្រុមការងារយុវជនខេត្តកំពត និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាស្រុកឈូក តំណាងឯកឧត្តម ភុន សាពេជ្រប្រធានក្រុមការងារយុវជនខេត្តកំពត អមដំណើរដោយឯកឧត្តម ហៀក ម៉ា អនុប្រធានក្រុមការងារយុវជនបក្សខេត្ត និងលោក រ៉ាច សូនី ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាស្រុកឈូក រួមជាមួយអនុប្រធាន សមាជិកក្រុមយុវជនគណបក្ស មេឃុំ មេភូមិ និងប្រជាពលរដ្ឋជាច្រើននាក់ ចុះត្រួតពិនិត្យស្ថានភាពផ្លូវ និងសាកសួរសុខទុក្ខប្រជាពលរដ្ឋនៅឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត ។
ប្រជាពលរដ្ឋមានសេចក្តីស្វាគមន៍យ៉ាងរួសរាយរាក់ទាក់ និងបានយកនូវម្ហូបអាហារជាច្រើនមុខ មកជូន ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាស្រុកឈូក ដើម្បីបរិភោគ ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម ហ៊ុន សុខា បានមើលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ក៏បានសម្រេចចិត្ត ទទួលយកសំណើររបស់ប្រជាពលរដ្ឋ នឹងធ្វើផ្លូវខ្នងអណ្តើក ព្រមទាំងដាក់នូវអំពូលសូឡាសម្រាប់បំភ្លឺផ្លូវធ្វើដំណើរ ជូនប្រជាពលរដ្ឋនៅ ក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត និងឧបត្ថម្ភទឹកប្រាក់ជូនប្រជាពលរដ្ឋក្នុងម្នាក់ ១ម៉ឺនរៀលផងដែរ។
ប្រជាពលរដ្ឋបានថ្លែងអំណរអរគុណដល់ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាស្រុកឈូក ជាពិសេសនោះគឺ ឯកឧត្តម ហ៊ុន សុខា ដែលតែងតែជួយប្រជាពលរដ្ឋដែលជួបទុក្ខលំបាកជានិច្ច។
ឯកឧត្តម ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាពញាចក្រីប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា ជូនបងប្អូនសមាជិក សមាជិកា ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាស្រុកដងទង់ ហើយសម្តេចបានជូនពរឱ្យបងប្អូនគ្រប់ក្រុមគ្រួសារ ឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន សុភមង្គលក្នុងក្រុមគ្រួសារ និងមានសុខភាពល្អ ជៀសផុតពីវិបត្តិជំងឺឆ្លងកូវីដ-១៩។