អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ថៃបានបន្តបង្កើតព័ត៌មានក្លែងក្លាយជាច្រើន ក្នុងនោះថៃក៏បានប្រើបច្ចេកវិទ្យាAi ដើម្បីប្រឌិត កាឡៃការពិតជុំវិញស្ថានភាព ជម្លោះបច្ចុប្បន្ន និងថ្មីៗ

ចេញផ្សាយ៖ ល្ងាចថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២៥

អ្នកនាំពាក្យក្រសួងព័ត៌មាន ឯកឧត្តម ទេព អស្នារិទ្ធ បានឱ្យដឹងថា ថៃបានបន្តបង្កើតព័ត៌មានក្លែងក្លាយជាច្រើន ក្នុងនោះថៃក៏បានប្រើបច្ចេកវិទ្យាAi ដើម្បីប្រឌិត កាឡៃការពិតជុំវិញស្ថានភាព ជម្លោះបច្ចុប្បន្ន និងថ្មីៗនេះបានបង្កើតរូបភាពអវិជ្ជមានប៉ះពាល់ធ្ងន់ធ្ងរ ដល់អង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាតិ រាជរដ្ឋាភិបាល កងទ័ព និងពលរដ្ឋកម្ពុជា, ពលរដ្ឋកម្ពុជាដែលជាជនស៊ីវិលស្លួតត្រង់ បានទទួលរងគ្រោះរួចទៅហើយដោយសារការវាយប្រហារផ្នែកយោធាដោយបំពានច្បាប់របស់ថៃ ដោយក្នុងនោះប្រជាពលរដ្ឋចំនួនជិតកន្លះលាន បានបង្ខំចិត្តភៀសខ្លួនចេញពីភូមិឋានខ្លួន ហើយកំពុងទទួលរងនូវទុក្ខវេទនា ក្រោយពេលថៃបានបើកនិងបានបន្តការទម្លាក់គ្រាប់បែក និងការវាយប្រហារ ដោយប្រដាប់អាវុធគ្រប់ធុនមកលើកម្ពុជា ដោយឥតរើសគោលដៅឡើយ។

ខណៈរាជរដ្ឋាភិបាល ក្រសួងព័ត៌មានកំពុងចាត់វិធាននានា ដើម្បីទប់ស្កាត់ និងគ្រប់គ្រងការផ្សាយព័ត៌មានក្លែងក្លាយ និងការផ្សាយព័ត៌មានបំពុលផ្សេងៗ សូមសាធារណៈជនកុំចែកចាយព័ត៌មានប្រភេទដូចបានរៀបរាប់ជូនខាងលើ ពិសេសព័ត៌មានអវិជ្ជមាន និងរូបភាពប្រឌិតដែលប៉ះពាល់ដល់ អង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាតិ រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនយើង។សូមអ្នកប្រើបណ្តាញសង្គមទាំងអស់ ចួលរួមទាំងអស់គ្នា ក្នុងកាលៈទេសៈដែលយើងជួបការលំបាកនេះ និងតទៅមុខ សូមរក្សាសុវត្ថិភាពពលរដ្ឋ និងសហគមន៍យើង កុំបង្ហាញរូបភាពដែលក្រសួងព័ត៌មានបានអំពាវនាវ និងហាមឃាត់មិនឱ្យផ្សាយ/ចែកចាយ ដើម្បីចូលរួមរក្សាសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ ស្ថិរភាពនយោបាយ និងចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ។

ការផ្សាយអំពីស្ថានភាពក្នុងខេត្តតាមបណ្តោយព្រំដែនមិនត្រូវបង្កហានិភ័យគ្រោះថ្នាក់ណាមួយឡើយ ចំពោះការក្សាសុវត្ថិភាពរបស់ពលរដ្ឋ សហគមន៍ និងអាជ្ញាធរដែលកំពុងខ្នះខ្នែងទាំងយប់ ទាំងថ្ងៃ ធ្វើការងារចុះជួយ ការពារ និងផ្តល់ការទំនុកបម្រុងជូនដល់ប្រជាពលរដ្ឋនៅតាមទីតាំងជំរុំភៀសសឹកនានា ដែលអាចមានការប្រឈមប្រសិនបើការផ្សាយណាមួយដែលខ្វះការប្រុងប្រយ័ត្ន មិនអនុលោមតាមការអំពាវនាវ និងវិធានរក្សាសន្តិសុខជាតិ។

សូមជម្រាបជូន ទន្ទឹមនឹងទង្វើឈ្លានពានដោយប្រដាប់អាវុធគ្រប់ធុនមកលើកម្ពុជា ថៃក៏បានប្រើសង្គ្រាមសតិអារម្មណ៍តាមរយៈការបង្កើតព័ត៌មានក្លែងក្លាយ បំភ្លៃ ប្រឌិតរឿងឡើងខុសពីការពិត (Disinformation/Malinformation) ដើម្បីបំពុលបរិយាកាសព័ត៌មាន និងបង្កចលាចល ការភាន់ច្រឡំក្នុងសាធារណមតិកម្ពុជា និងអន្តរជាតិ។ ព័ត៌មានក្លែងក្លាយទាំងនេះ មានចំនួនប្រមាណ ២១៨ ករណី គិតចាប់តាំងពីថ្ងៃថៃបានបើកការវាយប្រហារជាថ្មីមកលើកម្ពុជា ចាប់ពីថ្ងៃទី៧ មកដល់ថ្ងៃទី១៩ ធ្នូ នេះ ដែលក្រសួងព័ត៌មានបានអនុវត្តវិធានការជាក់លាក់ជាបន្តបន្ទាប់ដើម្បីគ្រប់គ្រង ដោយសហការយ៉ាងជាប់លាប់ក្នុងក្របខណ្ឌយន្តការសាធារណមតិរបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន សមត្ថកិច្ចជំនាញលើវិស័យ ព្រមទាំងជាមួយរដ្ឋបាលនិងអាជ្ញាធរខេត្តពាក់ព័ន្ធ។ភាគច្រើននៃព័ត៌មានក្លែងក្លាយទាំងនោះមានប្រភពចេញមកពីថៃ និងក្រុមអគតិក្រៅប្រទេស ដែលបានចរាចរយ៉ាងឆាប់រហ័សលើបណ្តាញសង្គម ក្នុងចំណោមនោះព័ត៌មានក្លែងក្លាយ ការប្រឌិតការផ្សាយបំភ្លៃ ញុះញង់ មួលបង្កាច់ថ្នាក់ដឹកនាំជាតិ និងរាជរដ្ឋាភិបាលក្នុងចេតនាធ្វើឱ្យប៉ះពាល់ដល់ការរក្សាសាមគ្គីភាពផ្ទៃក្នុង និងជំនឿចិត្តរបស់សាធារណជនលើការដឹកនាំ។

សូមប្រជាពលរដ្ឋទាំងអស់បន្តចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងព័ត៌មាន ក្នុងការបង្ការទប់ស្កាត់ការសាយភាពព័ត៌មានក្លែងក្លាយ ពិសេសប្រភពពីក្រៅប្រទេស និងសូមចូលរួម«Report» ផុស និងគណនីដែលផ្សាយព័ត៌មានក្លែងក្លាយ បំពុលសង្គមដើម្បីរួមចំណែករក្សាសុវត្ថិភាពព័ត៌មាននៅទូទាំងប្រទេស។ សូមបន្តតាមដានស្ថានការណ៍ពីប្រភពព័ត៌មានផ្លូវការរបស់រាជរដ្ឋាភិបាលនិងសារព័ត៌មានជាតិ ឯកជនដែលគោរពក្រមសីលធម៌ វិជ្ជាជីវៈត្រឹមត្រូវ ៕

ប្រភព៖ ក្រសួងព័ត៌មាន

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *