អភិបាលខេត្តកំពង់ចាម បើកយុទ្ធ​នា​ការចាក់វ៉ាក់សាំងការពារសុខភា​ពសត្វគោ-ក្របី ជូនប្រជាកសិករ​ដោ​​យមិនតម្រូវឲ្យបង់ប្រាក់ឡើយ

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ​​ បើកយុទ្ធនា​​ការចាក់​​វ៉ាក់សាំ​ងសត្វគោ-ក្របី ជូនប្រជាពលរដ្ឋ ដើម្បីការពារជំងឺឆ្លងផ្សេងៗ ស្ថិតនៅក្នុងភូមិដូង ឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

ឯកឧត្តម អភិបាលខេត្តមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំក្នុងខែសីហា មន្ត្រីជំនាញកសិកម្ម តែងតែបានអនុវត្តការចាក់វ៉ាក់សាំងការពារជំងឺឆ្លង ដល់សត្វគោ-ក្របី តាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋឲ្យបានមុន​ពេល​ទឹកជំនន់ ដោយហេតុថា ពេលមានទឹកជំនន់ សត្វគោ-ក្របី វាងាយនឹងកើតជំងឺ ៣ប្រភេទគឺៈ ជម្ងឺសារទឹក ជំងឺអុតក្តាម និងជម្ងឺបូសខ្យល់ ។

ឯកឧត្តមបន្តថា ថ្វីត្បិតតែសម័យកាលនេះទំនើប មានប្រជាកសិករមួយចំនួន មានលទ្ធភាពក្នុងការប្រើប្រាស់គ្រឿងចក្រ ប៉ុន្តែ ក៏នៅមានកសិករជាច្រើនទៀត កំពុងតែប្រើប្រាស់សត្វគោ-ក្របី ដើម្បីប្រកបការងារកសិកម្មនេះផងដែរ។ សត្វគោ-ក្របី ពិតជាមានផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាកសិករ ហេតុដូច្នេះហើយទើបអាជ្ញាធរខេត្ត ជាពិសេសមន្ត្រីជំនាញនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានដាក់ចេញនូវផែនការប្រចាំឆ្នាំ ក្នុងការចាក់វ៉ាក់សាំងការពារសុខភាពសត្វ នៅគ្រប់មូលដ្ឋានទាំងអស់ ក្នុងខេត្តកំពង់ចាមតែម្តង ដើម្បីកុំឲ្យមានសត្វគោ-ក្របី ងាប់ដោយសារជម្ងឺឆ្លងនោះ ដែលនាំឲ្យមានការខាតបង់ធ្ងន់ធ្ងរដល់ប្រជាកសិករ ។

ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ទៀតថា វិស័យកសិកម្ម នៅក្នុងប្រទេសកម្ពុជា បើទោះជាមុន ឬក្រោយពេលកើតមានជម្ងឺកូវីដ១៩ ក៏ដោយ វិស័យនេះនៅតែសំខាន់សម្រាប់ប្រជាពលរដ្ឋ ប្រមាណជាង ៦០% ដែលប្រកបមុខរបរកសិកម្មនេះ ពិសេស គឺរំពឹងទៅលើសត្វគោ-ក្របី ជាកម្លាំងអូសទាញតែម្តង។

លោក ស៊ីម ថាវីរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឲ្យដឹងថា សម្រាប់ខេត្តកំពង់ចាម មានសត្វគោ-ក្របីសរុបចំនួន ២០៤.៨៦០ក្បាល និងបានចាក់វ៉ាក់សាំងការពារជម្ងឺចំនួន ១.០៨៧ ក្បាល។ ដោយឡែកនៅក្នុងស្រុកព្រៃឈរមាន សត្វគោ-ក្របីចំនួន ៤៨ .៣៩៥ក្បាល ចំពោះឃុំតុងរ៉ុង មានគោ-ក្របីចំនួន ១.២៣៧ ក្បាល ហើយត្រូវបានចាក់វ៉ាក់សាំងការពារជម្ងឺ ចំនួន ៧៣៩ក្បាល ដែលយុទ្ធនាការចាក់​​វ៉ាក់សាំងនេះ តែងតែធ្វើជាប្រចាំ នារដូវទឹកឡើង ហើយមិនតម្រូវឲ្យប្រជាពលរដ្ឋបង់ប្រាក់ឡើយ  ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *