ខេត្តសៀមរាប៖ ឈាបនដ្ឋាន ដែលជាសមិទ្ឋផលថ្មី ក្នុងបរិវេណវត្តតាហង្សសរ៉ារាម ស្ថិតនៅភូមិប្រាសាទ ឃុំព្រៃជ្រូក ស្រុកពួកខេត្តសៀមរាប ត្រូវបានកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នារសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ ក្រោមព្រះវត្តមានព្រះព្រហ្មវិមុត្តិ បណ្ឌិត ម៉ក ប៉ឹង អគ្គធម្មោ ព្រះរាជាគណៈកិត្តិយស ជាព្រះគ្រូចៅអធិការ វត្តព្រះអង្គទ្រង់ ព្រះយសោធរញាណ ឡោមសុឈាត ព្រះរាជាគណៈកិត្តិយស និងជាព្រះចៅអធិការវត្តព្រះសិអារ្យ និងព្រះតេជគុណ ជិនវំសបាលោ សេង ហុង ព្រះចៅអធិការវត្តតាហង្សសរ៉ារាម និងឧត្តមសេនីយ៍ទោ បណ្ឌិត សាយ រិទ្ធីស័ក្តិ និងលោកជំទាវ គាត សុថាវី និងលោក ថាន់ ហឹក អភិបាលរងស្រុកពួក តំណាងលោក ស៊ីន ចាន់ថុល អភិបាលស្រុកពួក លោកស្រី គឹម សុគន្ធី មេឃុំព្រៃជ្រូក លោក ឡុក វួន មេឃុំស្រណាល ភូមិចំណុះជើងវត្តទាំង៦និង
លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស លោកតា លោកយាយ អាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទជជើងវត្តផងដែរ។
ព្រះតេជគុណ ជិនវំសបាលោ សេង ហុង ព្រះចៅអធិការវត្តមានថេរដីកាថា៖ សមិទ្ឋផលទាំងអស់នេះសាងសង់រយៈពេលមួយឆ្នាំដោយចំណាយថវិកាសរុបជិត៤ម៉ឺនដុល្លារអាមេរិកក្នុងនោះនៅខ្វះថ្លៃសម្ភារៈ និងថ្លៃជាងចំនួនជាង៣ពាន់ដុល្លារ បច្ច័យទាំងនេះបានពីការចូលរួមបរិច្ចាគរបស់ញាតិញោមជិតឆ្ងាយ និងបានពីការសន្សំ ប្រមូលពីកម្មវិធីបុណ្យនានាក្នុងវត្តនាពេលកន្លងមក។
លោក ថាន់ ហឹក អភិបាលរងស្រុកពួក បានសម្ដែងនូវការកោតសរសើរចំពោះ ព្រះចៅអធិការវត្ត ព្រះសង្ឃ អាចារ្យ គណៈកម្មការពុទ្ធបរិស័ទ និងអាជ្ញាធរដែនដី ដែលបានដឹកនាំកសាងនូវឈាបនដ្ឋាន ព្រមទាំងសមិទ្ធផលនានា ដែលជាហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យសេចក្តីត្រូវការសម្រាប់មូលដ្ឋាននេះ។ ក្រៅពីសមិទ្ធផលខាងលើ នៅមានសមិទ្ធផលជាច្រើនផ្សេងទៀត ដែលបានកើតឡើង និងរីកចម្រើនជាលំដាប់ក្នុងអារាមនេះ។
អភិបាលរងស្រុកពួកបន្តថា៖ សមិទ្ឋផលទាំងនេះស្តែងឱ្យឃើញនូវកម្លាំងមហាសាមគ្គីដ៏ល្អប្រពៃ ដោយបានលះបង់កម្លាំងកាយកម្លាំងចិត្ត ដែលផុសចេញពីសទ្ធាជ្រះថ្លារបស់សប្បុរសជនជិតឆ្ងាយបូជាចំពោះព្រះរតនត្រ័យ និងជួយអប់រំកូនចៅ ឱ្យប្រតិបត្តិតែអំពើល្អ ដែលជាការរួមចំណែកយ៉ាងធំធេងក្នុងការបណ្តុះធនធានមនុស្ស លើកកម្ពស់សីលធម៌ ចរិយាធម៌ សេចក្តីថ្លៃថ្នូរក្នុងសង្គម និងការបណ្តុះព្រលឹងជាតិ។
សមិទ្ឋផលថ្មីៗនេះដែរ ក៏ជាការបញ្ជាក់កាន់តែច្បាស់ថា តួនាទីវត្តអារាមព្រះពុទ្ធសាសនាក្នុងសង្គមខ្មែរពិតជាមានសារៈសំខាន់ណាស់តាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន និងបន្តទៅអនាគតផងដែរ។
ព្រះយសោធរញាណ ឡោម សុឈាត បានសម្តែងនូវបិតិសោមនស្សចំពោះហេដ្ឋារចនាសម្ព័ន្ឋថ្មីៗទាំងនេះ ថាពិតជាឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពុទ្ឋបរិស័ទក្នុងមូលដ្ឋានទៅតាមទំនៀមទម្លាប់របស់ខ្មែរយើង ជាពិសេសឈាបនដ្ឋាន ជាទីកន្លែងចុងក្រោយសម្រាប់បុគ្គលគ្រប់រូបបន្ទាប់ពីមរណកាលទៅ ដើម្បីក្រុមគ្រួសារសាច់ញាតិធ្វើបុណ្យកុសលជូន ព្រោះសេចក្តីស្លាប់នេះពុំមាននរណាម្នាក់អាចគេចបានឡើយ នេះជាសច្ចភាពនៃជីវិតម្នាក់ៗ ហើយជាប្រការចាំបាច់ដែលវត្តអារាមត្រូវតែមានឈាបនដ្ឋានដើម្បីធ្វើឈាបនកិច្ច។
ឈ្លៀតឪកាសនោះ ឧត្តមសេនីយ៍ទោ បណ្ឌិត សាយ រិទ្ធីស័ក្តិថា ប្រទេសយើងមានការរីកចម្រើនសព្វបែបយ៉ាង និងមានភាពស៊ីវិល័យយ៉ាងសម្បូរបែប គ្រួសារខ្លះមានលទ្ឋភាពជួលរោងជួលមេរុដើម្បីបូជាសពសមាជិកគ្រួសារដែលទទួលមរណភាពក្តី តែក៏នៅមានគ្រួសារជាច្រើនត្រូវការវត្តអារាមសម្រាប់ធ្វើបុណ្យទាន និងទីកន្លែងដើម្បីធ្វើឈាបនកិច្ចដែរ។
ហេតុនេះសូមប្រជាពុទ្ឋបរិស័ទរក្សានូវសាមគ្គីធម៌ ជាពិសេស ការបណ្តុះគំនិតគិតរឿងគុណធម៌ សីលធម៌ ចរិយាធម៌ឱ្យមានទឹកចិត្តគោរពស្រឡាញ់ សណ្តោសប្រណី និងការដឹងគុណអ្នកមានគុណទាំងឡាយដែលជាគុណធម៌របស់ពលរដ្ឋខ្មែរ៕

