ខេត្តសៀមរាប៖ នាព្រឹកថ្ងៃអាទិត្យ ១៤រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥វេលាម៉ោង០៨និង០០នាទី នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អញ្ជើញជាអធិបតីភាពក្នុង ពិធីបើកផ្តល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ជូនដល់ក្រុមគ្រួសារសមាជិកមរណភាពចំនួន ០២នាក់ ស្មើនិងថវិកាសរុបចំនួន ១២,០០០,០០០៛ (ដប់ពីរលានរៀល) និងថវិកាឧបត្ថម្ភគោលនយោបាយជូនដល់គ្រួសារមន្ត្រីនគបាលមរណៈចំនួន ០៥នាក់ ស្មើនិងថវិកាសរុបចំនួន ១០៣,៤៨៧,៨៧០៛ (មួយរយបីលាន បួនរយប៉ែតសិបប្រាំពីរពាន់ប្រាំបីរយចិតសិបរៀល)។ ក្នុងនោះផងដែលក៏មានការចូលរួមពី លោកស្នងការរង ទទួលផែនការងារធនធានមនុស្ស លោកនាយការិយាល័យ លោក–លោកស្រី នាយរងការិយាល័យ និងនាយផ្នែក នៃការិយាល័យបុគ្គលិកផងដែរ។
ក្នុងឱកាសសំណេះសំណាលនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានសម្តែងនូវក្តីនឹករលឹក ហើយបានរំលឹកពីស្នាដៃមន្ត្រីនគរបាលមរណៈ ដែលបានបំពេញភារកិច្ច បម្រេីជាតិមាតុភូមិ និងប្រជាពលរដ្ឋ កន្លងមក ព្រមទាំងបានបន្សល់នូវស្នាដៃជាច្រេីនដល់មន្ត្រីនគរបាលជំនាន់ក្រោយជាគំរូ និងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដល់ក្រុមគ្រួសារមរណភាព ក្នុងនាមជាប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជាចំពោះការបាត់បង់សមាជិកសមាគម និងសមាជិកក្រុមគ្រួសារផងដែរ៕

