ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃសុក្រ ១២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥វេលាម៉ោង០៨និង០០នាទី នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ដោយអនុវត្តតាមការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់ ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាប បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ប្រចាំខែកញ្ញា ឆ្នាំ២០២៥ និងលើកទិសដៅសម្រាប់ខែបន្ត ព្រមទាំងផ្សព្វផ្សាយផែនការ ការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌ កឋិនទានរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ ដោយបានការអញ្ជើញចូលរួមពី អង្គភាពនគរបាលការពារបេតិកភណ្ឌ អង្គភាពនគរបាលទេសចរណ៍ លោក–លោកស្រីស្នងការរងទាំងអស់ លោកនាយការិយាល័យទាំង៣៣ លោកអធិការនគរបាលក្រុង–ស្រុកទាំង១៣ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០០ និងលោកនាយប៉ុស្ដិ៍ការពារទាំង៦ ចំណុះឲ្យការិយាល័យនគរបាលការពារបេតិកភណ្ឌផងដែរ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍លើកសរសើរពីការខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចក្នុងកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ នាពេលកន្លងមកបានល្អប្រសើរ។ បន្ថែម
លើនោះផងដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានមានប្រសាសន៍ណែនាំបន្ថែម និងដាក់ចេញនូវផែនការ ការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងបុណ្យកឋិនទាន ដោយប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ដើម្បីធានាដល់ការដឹកនាំបញ្ហាប្រតិបត្តិការដោយផ្អែកលើជំនាញ និងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន ដោយមានភាពម្ចាស់ការ ក្នុងការគ្រប់គ្រងសភាពការណ៍ និងត្រូវយកចិត្តទុកដាក់បង្កើនការក្តាប់សភាពការណ៍ពាក់ព័ន្ធ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ជាពិសេសសកម្មភាពភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ឧបាយកលសកម្មភាពប៉ុនប៉ងបង្កចលាចលសង្គម និងសកម្មភាពល្មើសផ្សេងៗទៀត សំដៅចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាប ឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា និងត្រូវបន្តជំរុញការអនុវត្តន៍គោលនយោបាយ ភូមិ ឃុំ–សង្កាត់មានសុវត្ថិភាព ឱ្យកាន់តែសកម្មផុលផុស និងជាពិសេសផងដែលត្រូវយកចិត្តទុកដាក់គ្រប់គ្រងឱ្យបានហ្មត់ចត់នូវមុខសញ្ញាប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ និងបទល្មើសផ្សេងៗទៀត រួមទាំងការប្រើប្រាស់អាវុធ រំសេវ គ្រឿងផ្ទុះ ការជួញដូរ–ប្រើប្រាស់គ្រឿងញៀន សកម្មភាពក្មេងទំនើង អំពើហិង្សា និងការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅតាមមូលដ្ឋាន ដោយប្រើប្រាស់វិធានការជំនាញស្របតាមច្បាប់ដែលបានកំណត់។
ជាកិច្ចបញ្ចប់ លោកឧត្តមសេនីយ៍ទោ ស្នងការ បានជូនពរដល់កងកម្លាំងទាំងអស់ មានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងទទួលបាននូវពុទ្ធិពរទាំងបួនប្រការគឺ អាយុវណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ៕

