យុវជនស្ម័គ្រចិត្ត ៣៨នាក់ សហការគ្នារៀបចំវេទិកាពិភាក្សាស្តីពីការការពារកុមារពីការរំលោភបំពានតាមប្រព័ន្ធអនឡាញនៅខេត្តសៀមរាប

នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមយុវជន និងកុមារស្ម័គ្រចិត្តចំនួន ៣៨នាក់ មកពីវិទ្យាល័យចំនួន៥ នៅខេត្តសៀមរាប បានរួមគ្នារៀបចំវេទិកាពិភាក្សាមួយស្តីពីការការពារកុមារពីការរំលោភបំពានតាមប្រព័ន្ធអនឡាញ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពរបស់យុវជនក្នុងការចូលរួមការពារកុមារពីការរំលោភបំពានតាមអនឡាញ និងចែករំលែកចំណេះដឹងទៅកាន់សហគមន៍។

លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប បានកោតសរសើរ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះសកម្មភាពរបស់ក្រុមយុវជននិងកុមារស្ម័គ្រចិត្ត។ លោកស្រីបានចាត់ទុកសកម្មភាពនេះថាជាការឆ្លើយតបទៅនឹងយុទ្ធសាស្ត្រជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងបរិបទសង្គមបច្ចុប្បន្ន ដែលមានការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមបណ្ដាញសង្គម។

លោកស្រីបានជំរុញឱ្យយុវជនបន្តចូលរួមអប់រំ និងផ្សព្វផ្សាយទៅកាន់សាលារៀន និងសហគមន៍ផ្សេងៗទៀត។ ជាមួយគ្នានោះលោកស្រីក៏បានស្នើទៅមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ឱ្យបង្កើនចំនួនយុវជនស្ម័គ្រចិត្ត និងជួយជំរុញការយល់ដឹងឱ្យកាន់តែទូលំទូលាយអំពីបញ្ហាទាំងនេះ។

សូមជម្រាបថា វេទិកានេះប្រព្រឹត្តទៅនៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក ស្ថិតក្រោមការសម្របសម្រួល និងគាំទ្របច្ចេកទេសពីលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងរដ្ឋបាលស្រុកពួក។ វេទិកានេះដែរ បានការឧបត្ថម្ភថវិកាពីអង្គការដៃគូចំនួន រួមមាន៖ អង្គការសម្ព័ន្ធចាប់ដៃ អង្គការមូលនិធិ A21 អង្គការជួយសង្គ្រោះជោគវាសនាកម្ពុជា និងអង្គការ ICF

វេទិកានេះ ជាលើកកម្ពស់សមត្ថភាពយុវជន និងកុមារស្ម័គ្រចិត្តក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការកេងប្រវ័ញ្ចកុមារតាមអនឡាញទាំងនៅតាមសាលារៀន និងក្នុងសហគមន៍។ ផ្តល់ឱកាសឱ្យក្រុមយុវជនចែករំលែកចំណេះដឹងដល់សិស្សានុសិស្ស និងសហគមន៍អំពីបញ្ហាជួញដូរមនុស្ស និងការរំលោភបំពានតាមប្រព័ន្ធអនឡាញ។ ជាពិសេសបើកកិច្ចពិភាក្សាជាសាធារណៈ ដើម្បីឱ្យយុវជនទទួលបានអនុសាសន៍ និងវិធីសាស្ត្រថ្មីៗពីមន្ត្រីជំនាញ ក្នុងការចូលរួមការពារកុមារឱ្យកាន់តែមានប្រសិទ្ធភាព៕

ប្រភព៖ មន្ទីរព័ត៍មានខេត្តសៀមរាប អត្ថបទ និង រូបភាព៖ លោក ទ្រា ពន្លឺកែសម្រួល៖ លោក អ៊ុន ណារាជ្យ

You might like

Leave a Reply

Your email address will not be published. Required fields are marked *