ពិធីប្រកាស តែងតាំងលោក សាម ណាល់ ឋានន្តរសក្ដិឧត្ដមមន្ត្រីថ្នាក់លេខ៥ ជាអភិបាលនៃគណៈអភិបាលស្រុក ស្នួល ខេត្តក្រចេះ

ខេត្តក្រចេះ ៖កាលពីរសៀលថ្ងៃព្រហស្បតិ៍ ៣ កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នៅសាលាស្រុកស្នួល បានធ្វើពិធីប្រកាស តែងតាំង លោក សាម ណាល់ ឋានន្តរសក្ដិឧត្ដមមន្ត្រីថ្នាក់លេខ៥ អតី​ត​អភិបាលរងស្រុកចិត្របុរី ត្រូវបានតែងតាំងជាអភិបាលនៃគណៈអភិបាលស្រុក ស្នួល ខេត្តក្រចេះ ជំនួសលោក គង់ គឺមនី ដែលត្រូវឡើងជាអភិបាលរងខេត្ត ក្រោមអធិបតីភាពឯកឧត្ដម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម វ៉ា ថន អភិបា​លនៃគណៈអភិបាលខេត្តក្រចេះ ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសប្រកាសតែងតាំងនោះ ឯកឧត្តម វ៉ា ថន អភិ បាលនៃគណៈអភិបាលខេត្តក្រចេះ បានបញ្ជាក់ថា ការតែងតាំង និងផ្លាស់ប្តូរមន្ត្រីចូលកាន់មុខតំណែង គឺជាបែបបទនីតិវិធីដែលបានកំណត់ក្នុងច្បាប់ ហើយត្រូវបានយកមកអនុវត្តន៍ក្នុងប្រព័ន្ធរដ្ឋបាល សំដៅធ្វើយ៉ាងណាឱ្យការគ្រប់គ្រង ដឹកនាំរដ្ឋបាលកាន់តែមានប្រសិទ្ធភាព ក្នុងការឆ្លើយតបនឹងតម្រូវការនៅមូលដ្ឋាន ហើយក៏ជាការផ្តល់នូវឱកាស និងសេចក្តីទុកចិត្តពីរាជ រដ្ឋាភិបាលផងដែរ ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ជាតិ តាមរយៈកម្មវិធីយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល និងដើម្បីអនុវត្តន៍ឱ្យមានប្រសិទ្ធភាព គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ។

ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំដល់លោកអភិបាលស្រុកដែលទើបនឹងចូលកាន់តំណែង ត្រូវខិតខំប្រឹងធ្វើការបម្រើប្រជាពលរដ្ឋឱ្យបានល្អ ប្រកបដោយសាមគ្គីភាព ពិសេសរក្សាឱ្យបានសន្តិសុខ សណ្ដាប់ធ្នាប់សារធារណៈនិងសុវត្ថិភាពសង្គម យកចិត្តទុកដាក់ជំរុញបំផុសចលនាប្រជាជនគ្រប់មជ្ឈដ្ឋានឱ្យចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ពិសេសសកម្មភាពលួចឆក់ ប្លន់ បទល្មើសគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ ការជួញដូរមនុស្ស និងសកម្មភាពក្មេងទំនើងជាដើម ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *