រាជធានីភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។
នៅក្នុងឱកាសដ៏មហានក្ខត្តឬក្សថ្លៃថ្លា ប្រកបដោយក្តីសោមនស្សរីករាយ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៣,១៤,១៥និង១៦ ខែមេសាឆ្នាំទី២០២០ វេលាម៉ោង ២០:៤៨ នាទីយប់ខាងមុខនេះ តាងនាមរាជរដ្ឋាភិបាលព្រមទាំងមន្ត្រីរាជការទូទាំងប្រទេសទាំងអស់សូមព្រះបរមរាជានុញ្ញាត សម្ដែងនូវអំណរសាទរដោយស្មោះអស់ពីដួងចិត្ត ចូលរួមថ្វាយនូវព្រះសព្វសាធុការពរជ័យបវរសួស្ដី សិរីវឌ្ឈនា មហាប្រសើរគ្រប់ប្រការ ប្រកបដោយកតញ្ញូតាធម៌ និងកត្តវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះរាជបញ្ញាញាណឈ្វេងយល់ និងព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ប្រកបដោយទសពិធរាជធម៌ ចំពោះជាតិមាតុភូមិ ប្រជានុរាស្ត្រ និងកិច្ចការបរទេសរបស់ព្រះករុណាថ្លៃវិសេស ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលបានរួមចំណែកយ៉ាងខ្លាំងក្នុងការលើកកម្ពស់កិត្យានុភាពជាតិ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌ និងកំណែទម្រង់រដ្ឋស៊ីជម្រៅលើគ្រប់វិស័យ ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាពក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាជនជាមួយរាជរដ្ឋាភិបាល ដែលបានធ្វើឱ្យមាតុភូមិអង្គរជាទីស្នេហា មានការរីកចម្រើនជឿនលឿនយ៉ាងឆាប់រហ័ស ក្នុងរយៈពេលកន្លងមក។
ឆ្លៀតក្នុងឱកាសដ៏មហាមង្គលាភិរម្យប្រសើរនេះផងដែរ ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតលើកដៃប្រណមបួងសួង ដល់គុណព្រះរតនត្រ័យ គុណកែវទាំងបី ឬទ្ធិបារមីខ្លាំងវត្ថុសាកសិទ្ធទាំងឡាយក្នុងលោកទេវតាថែរក្សា ព្រះមហាស្វេតច្ឆត្រ បុណ្យបារមីនៃដួងវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រព្រះមហាក្សត្រយានីខ្មែរគ្រប់ព្រះអង្គជាពិសេសបុណ្យបារមីព្រះករុណាព្រះបាទ សម្ដេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងទេវតាថែរក្សាឆ្នាំថ្មីឆ្នាំជូត ទោស័ក ព្រះនាមគោរាគៈទេវី សូមព្រះអង្គតាមថែរក្សាការពារអភិបាលប្រោះព្រំ នូវព្រះសព្វសាធុការពរជ័យគ្រប់ប្រការ ព្រមទាំងព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជាភិយ្យោភាពតរៀងទៅ ៕