
ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំធំ សាលាខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំពិនិត្យ និងកែសម្រួលនិមិត្តសញ្ញារបស់រដ្ឋបាលក្រុង ស្រុក នៃខេត្តសៀមរាប ក្រោមអធិបតីភាពលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយមានចូលរួមពីលោក លី វណ្ណៈ នាយករដ្ឋបាលសាលាខេត្ត ព្រមទាំងលោក លោកស្រី អភិបាល អភិបាលរងក្រុង ស្រុក នាយក នាយករដ្ឋបាលសាលាក្រុង ស្រុក និងប្រធានអនុប្រធានការិលា័យពាក់ព័ន្ធសរុបចំនួន៥៥នាក់ ស្រី ០១នាក់។
លោក អភិបាលរងខេត្ត កិច្ចប្រជុំនាពេលនេះ ដេីម្បីពិនិត្យ និងកែសម្រួលទៅលើនិមិត្តសញ្ញារបស់រដ្ឋបាលក្រុង ស្រុក ស្របតាមការណែនាំរបស់អង្គប្រជុំកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ កន្លងទៅនៅទីស្ដីការក្រសួងមហាផ្ទៃ ដោយធ្វើការគូសនិមិត្តសញ្ញាឡើងវិញ ដើម្បីស្របទៅតាមស្ថានភាព សាវតា ភូមិសាស្រ្ត វប្បធម៍ ប្រពៃណី របស់ក្រុង ស្រុកនីមួយៗ ដោយរំលេចពីភាពល្អឯកដែលប្រជាជនទូទៅអាចកត់សម្គាល់បាន។
លោក លី វណ្ណៈ នាយករដ្ឋបាលសាលាខេត្តបានស្នើឱ្យតំណាងរដ្ឋបាលក្រុង ស្រុក ពិនិត្យទៅលើនិមិត្តសញ្ញារបស់ខ្លួន ដោយអាចយកគម្រូតាមនិមិត្តសញ្ញារបស់ខេត្តសៀមរាប ត្រង់ចំណុចបូ និងរាងមូល ឱ្យមានទម្រង់តែមួយ ជាពិសេសត្រូវពិនិត្យមើលអំពីក្បាច់រចនា និងប្រភពឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការបកស្រាយបញ្ជាក់ពីសាវតា។
លោក អភិបាលរងខេត្ត បានណែនាំបន្ថែមឱ្យរដ្ឋបាលក្រុង ស្រុក ត្រូវពន្លឿនក្នុងការកែសម្រួលនិមិត្តសញ្ញាឱ្យបានលឿន ដើម្បីរៀបចំដាក់ជូនក្រសួងមហាផ្ទៃ ពិនិត្យ និងសម្រេច ព្រមទាំងបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ៕តំឡើងចែកចាយព័ត៍មានដោយលោកលុចណាម

