ភ្នំពេញ៖ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់គោលការណ៍ណែនាំឱ្យរដ្ឋបាលខេត្តភាគឦសានមួយនេះ រួមទាំងអភិបាលខេត្តជុំវិញ ដែលអញ្ជើញចូលរួមនាឱកាសនោះ យកចិត្តទុកដាក់លើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បន្ទាប់ពីក្នុងរយៈពេលចុងក្រោយនេះ ការអូសទាញឱ្យស្រ្តីខ្មែរធ្វើដំណើរឆ្លងដែនដោយខុសច្បាប់ ក្រោមលេសបោកប្រាស់ថាទៅបំពេញការងារ ឬទៅរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមីជាជនបរទេស ដែលទីបំផុតក្លាយជាជនរងគ្រោះពីអំពើជួញដូរមនុស្ស។
ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍ថា ថ្មីៗនេះ សមត្ថកិច្ចកម្ពុជា ទប់ស្កាត់បានទាន់ពេលវេលានៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមានយុវតីខ្មែរមួយចំនួន ត្រូវបានមេខ្យល់ អូសទាញឱ្យធ្វើដំណើរទៅប្រទេសទី២ ទី៣ ដើម្បីធ្វើការ និងរៀបការជាមួយជនបរទេសដោយខុសច្បាប់។ ឯកឧត្តមបន្ថែមទៀតថា សមត្ថកិច្ចកម្ពុជា ក៏បានរកឃើញករណីមេខ្យល់ អូសទាញយុវតីឱ្យឆ្លងដែនទៅប្រទេសទី២ ទី៣ ក្រោមលេសរៀបការជាមួយជនបរទេស តែទីបំផុតក្លាយជាទាសករក្នុងក្រុមគ្រួសារនៃជនបរទេសនោះ ទាំងការបង្ខំឱ្យមានកូនសម្រាប់គ្រួសារគេ បង្ខំឱ្យបម្រើតណ្ហាជាមួយសមាជិកគ្រួសាររបស់គេថែមទៀត ព្រមទាំងគំរាមកំហែងថានឹងបន្តលក់ទៅឱ្យជនដទៃទៀត បើមិនបានធ្វើតាមអ្វីដែលពួកគេចង់បាន ដែលនេះជាអំពើដ៏ស្មោកគ្រោក បាននិងកំពុងមានការកើនឡើង មិនថានៅក្នុងប្រទេសជុំវិញ ក្នុងតំបន់នោះទេ។ ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអំពាវនាវឱ្យរដ្ឋបាលខេត្តមណ្ឌលគិរី រដ្ឋបាលក្រុង ស្រុក មន្ត្រីពាក់ព័ន្ធទាំងអស់ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ដើម្បីឱ្យយល់ដឹងអំពីផលវិបាកនៃការប្រព្រឹត្តអំពើជួញដូរមនុស្ស ស្របពេលដែលបច្ចុប្បន្នមានមធ្យោបាយនៃការទំនាក់ទំនង អូសទាញយុវតី តាមសម័យឌីជីថលទំនើប គឺប្រព័ន្ធអនឡាញ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានស្នើឱ្យអាណាព្យាបាល ក៏ដូចជាសាច់ញាតិដែលមានសមាជិករបស់ខ្លួន ត្រូវប្រឈមទៅនឹងការអូសទាញឱ្យធ្វើការងារនៅក្រៅប្រទេស សូមផ្ដល់ការប្រឹក្សាយោបល់សួរនាំ និងទំនាក់ទំនងមកកាន់អាជ្ញាធរ ដើម្បីបញ្ជាក់អំពីអ្វីដែលជាព័ត៌មានពិតមុន និងធ្វើការសម្រេចចិត្ត។ ពាក់ព័ន្ធនឹងការទប់ស្កាត់អំពើឆ្លងដែនខុសច្បាប់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានណែនាំឱ្យរដ្ឋបាលខេត្តមណ្ឌលគិរី និងបណ្ដាខេត្តជាប់ព្រំដែនប្រទេសវៀតណាម បន្តសហការដឹកនាំកម្លាំងមានសមត្ថកិច្ច ទប់ស្កាត់ឱ្យបាននូវរាល់ការធ្វើដំណើរឆ្លងកាត់ព្រំដែនដោយខុសច្បាប់ទាំងធ្វើដំណើរចូល–ចេញដើម្បីទប់ស្កាត់បទល្មើសព្រំដែន និងដើម្បីទប់ស្កាត់នូវបទល្មើសដែលអាចកើតឡើងតាមរយៈអ្នកឆ្លងដែនខុសច្បាប់ដូចជាការជួញដូរអាវុធ និងគ្រឿងញៀនជាដើម។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានលើកទឹកចិត្តឱ្យមន្រ្តីវរៈនគរបាលការពារព្រំដែន បន្តសកម្មភាពជាមួយកងកម្លាំងចម្រុះ នៅក្នុងកិច្ចការពារបូរណភាពទឹកដី ទប់ស្កាត់រាល់បាតុភាពទាំងឡាយ ដែលនាំឱ្យប៉ះពាល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងបូរណភាពទឹកដីរបស់កម្ពុជា។ ពីវេទិការធិបតីនេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានកោតសរសើរចំពោះលទ្ធផលការបំពេញការងាររបស់រដ្ឋបាលខេត្តមណ្ឌលគិរី ពេញមួយឆ្នាំ២០២៤ និងក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់នូវលទ្ធផលនៃសន្និបាតដែលមានការពិភាក្សាគ្នានូវប្រធានបទសំខាន់ៗ ក្នុងន័យប្រមូលធាតុចូល ដើម្បីតម្រង់ទិសដៅការងារក្នុងឆ្នាំ២០២៥ ឱ្យបានកាន់តែប្រសើរឡើង សំដៅរួមចំណែកសម្រេចជោគជ័យយុទ្ធសាស្រ្តបញ្ចកោណក្រោម ការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ជាថ្មីម្ដងទៀត ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នៅតែបន្តលើកឡើងដោយសង្កត់ធ្ងន់អំពីភាពចាំបាច់នៃកិច្ចការពារសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ឯកឧត្តមណែនាំបន្ថែមលើការងារអនុវត្តគោលនយោបាយភូមិ–ឃុំ–សង្កាត់មានសុវត្ថិភាព ការពង្រឹងធនធានមនុស្ស ដើម្បីធានាការផ្តល់សេវាសាធារណៈដែលថ្នាក់ជាតិ បានផ្តល់មកឱ្យបានកាន់តែល្អប្រសើរ។ សូមបញ្ជាក់ថា រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំសន្និបាតបូកសរុបការងារឆ្នាំ២០២៤ លើកទិសដៅការងារឆ្នាំ២០២៥ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២២ ខែមករា រហូតដល់រសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។សន្និបាតនេះ ធ្វើឡើងតាមគោលការណ៍ណែនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលណែនាំរៀបចំឱ្យបានមុនសន្និបាតក្រសួងមហាផ្ទៃ៕