រដ្ឋបាលខេត្តបានបូកសរុបលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥បញ្ចប់ថ្ងៃទីមួយ​

ខេត្តសៀមរាប៖ បន្ទាប់ពីបើអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥រួចមក រសៀលថ្ងៃដដែរ អង្គសន្និបាតបានស្តាប់បទអន្តរាគន៍របស់រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាព និងសង្កាត់ រួចមក ឯកឧត្តម ប្រាក់ សោភ័ណអភិបាល នៃគណៈភិបាល បានណែនាំជាគោលការណ៍ និងវិធានការគន្លឹះសំខាន់ៗ ក្នុងការបន្តអនុវត្តការងារ និងដោះស្រាយបញ្ហាប្រឈមនានា ហើយត្រូវអនុវត្តការងាររួមគ្នាសម្រាប់ឆ្នាំ២០២៥ រួមមាន អាជ្ញាធរមានសមត្ថកិច្ចក្រុងស្រុកត្រូវធានាបានការងារសន្តិសុខសណ្តាប់ធ្នាប់ ការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ពិសេសល្បែងស៊ីសង ក្មេងទំនើង និងជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពនិងចលនាប្រឡងប្រណាំង និងបន្តការគ្រប់គ្រងកម្លាំងប្រជាការពារនិងផ្តល់រង្វាន់លើកទឹកចិត្តព្រមទាំងចលនាការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋក្នុងការរាយការណ៍ក្នុងករណីមានបាតុភាព ឬករណីសង្ស័យណាមួយមកសមត្ថកិច្ច បន្តរឹតបន្តឹងការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យមានប្រសិទ្ធភាព។

ឯកឧត្តមអភិបាលខេត្តបានបន្ថែមថាត្រូវបន្តការធ្វើទេសន្តរប្រវេសន៍ការងារដោយស្របច្បាប់ និងត្រូវជំរុញចុះបញ្ជីជនបរទេសដែលស្នាក់បណ្តោះអាសន្នចូលក្នុងប្រព័ន្ធ។ ទន្ទឹមនឹងនេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវបន្តជំរុញការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការគ្រប់ប្រភេទនៅមូលដ្ឋាន ពិសេសទំនាស់ដីធ្លីព្រមទាំងជំរុញការចុះបញ្ជីដីរដ្ឋ  ការរៀបចំផែនទីព្រំប្រទល់រដ្ឋបាល ផែនទីបច្ចុប្បន្នភាព ផែនទីប្រើប្រាស់ដី និងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធទូទាំងខេត្ត។

ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់ថារដ្ឋបាលក្រុងស្រុកត្រូវធ្វេីការទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ សំណង់ខុសច្បាប់គ្រប់ប្រភេទនិងការគ្រប់គ្រងសេវាសុខាភិបាលឯកជន និងឱសថស្ថាន ដោយលុបបំបាត់ទាំងស្រុងសេវាសុខាភិបាលខុសច្បាប់ និងឱសថក្លែងក្លាយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *