ភ្នំពេញ៖មួយរយៈពេលចុងក្រោយនេះ អត្រាគ្រោះថ្នាក់ចរាចរណ៍បានកើនឡើងគួរឲ្យកត់សម្គាល់ ទាំងនៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួន ដែលស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ទាំងនោះ សុទ្ធតែមានសភាពធ្ងន់ធ្ងរ និងបណ្ដាលឲ្យមនុស្សស្លាប់ច្រើននាក់។
នៅចំពោះមុខបញ្ហាដែលកើតមាន លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នង ការនគរបាលរាជធានីភ្នំពេញ បានធ្វើការឆ្លើយតបតាមរយៈវិធានការជំនាញរបស់សមត្ថកិច្ច ដើម្បីធ្វើយ៉ាងណាបង្ការ ទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញទាំងមូល។
ក្នុងកិច្ចសម្ភាសនៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ បានក្លាយជាក្ដីកង្វល់មួយរបស់សមត្ថកិច្ច និងប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវ។ ក្រោយមានហេតុការណ៍ជាបន្ដបន្ទាប់ និងបណ្ដាលឲ្យមានអ្នកស្លាប់យ៉ាងអណោចអធម៌នោះ ទាំងក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងសមត្ថកិច្ចជំនាញ បានរៀបចំបាញ់គំនូសសញ្ញាចរាចរណ៍ឡើងវិញផងដែរ។
ស្នងការនគរបាលរាជធានីភ្នំពេញរូបនេះ បានសង្កត់ធ្ងន់ទៀតថា ក្រោយការរៀបចំបាញ់គំនូសសញ្ញាចរាចរណ៍ឡើងវិញហើយនោះលោកបានបញ្ជាកម្លាំងបន្ដការរឹតបន្ដឹងច្បាប់ចរាចរណ៍នៅលើកំណាត់ផ្លូវនេះផងដែរ តាមរយៈការកំណត់បាញ់ល្បឿនចំពោះមធ្យោបាយធ្វើចរាចរណ៍ និងពិនិត្យជាតិស្រវឹងលើអ្នកបើកដែលប្រើប្រាស់ផ្លូវ។
ជាមួយវិធានការជំនាញមិនទាន់គ្រប់គ្រងនោះទេ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងថា ការចូលរួមរបស់ប្រជាពលរដ្ឋក៏ជាកត្តាចាំបាច់បំផុត ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍។ លើសពីនេះ កម្លាំងសមត្ថកិច្ចជំនាញក៏បន្ដនូវវិធានការផ្សព្វផ្សាយអប់រំ អំពីច្បាប់ចរាចរណ៍ឲ្យកាន់តែផុលផុសបន្ថែមទៀតផងដែរ ដើម្បីឲ្យប្រជាពលរដ្ឋបានស្វែងយល់កាន់តែច្បាប់ និងពង្រឹងស្មារតីគោរពច្បាប់។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបន្ថែមទៀតថា ទិសដៅដែលលោកបានដាក់ចេញ ដើម្បីឲ្យសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបន្ដអនុវត្តនោះ គឺរៀបចំឲ្យមានក្រុមល្បាតចល័ត ក្នុងភូមិសាស្ដ្រដែលតែងកើតមានគ្រោះថ្នាក់ចរាចរណ៍ ហើយក្រុមល្បាតចល័តនេះនឹងពិនិត្យលើអ្នកបញ្ជាមធ្យោបាយណាដែលមានការសង្ស័យ ពិសេសស្ថានក្រោមស្ថានភាពគ្រឿងស្រវឹង។
ដោយឡែក ចំពោះការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកវិញ លោកបានដាក់បទបញ្ជាឲ្យសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវបង្កើនការត្រួតពិនិត្យជាតិស្រវឹងឲ្យបានច្រើនជាងមុន ហើយត្រូវចល័តផ្លាស់ប្ដូរភូមិសាស្ដ្រដោយមិនជូនដំណឹងជាមុន។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ យល់ឃើញថា គ្រោះថ្នាក់ចរាចរណ៍ភាគច្រើន តែងបង្កដោយអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹង ឬអាល់កុលលើសកម្រិត។
ក្នុងន័យនេះ លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏ណែនាំផងដែរដល់សមត្ថកិច្ចអ្នកអនុវត្តច្បាប់ទាំងអស់ ត្រូវតែប្រើប្រាស់នូវកាយវិការទន់ភ្លន់ ប៉ុន្ដែម៉ឺងម៉ាត់ និងកាត់បន្ថយឲ្យបានជាអតិប្បរមានូវការប៉ះពាល់ពាក្យសម្ដីកាយវិការមិនសមរម្យជាមួយប្រជាពលរដ្ឋ។ លោកសង្កត់ធ្ងន់ថា ក្នុងករណីរកឃើញមន្ដ្រីរូបនេះ អនុវត្តខុសពីបទបញ្ជា នឹងត្រូវប្រឈមមុខជាមួយថ្នាក់ដឹកនាំ តាមរយៈការអនុវត្តវិន័យកងកម្លាំង ព្រមានដកហូតមុខតំណែង ហើយបើធ្ងន់ធ្ងរនឹងត្រូវបណ្ដេញចេញពីក្របខ័ណ្ឌតែម្ដង៕