ខេត្តសៀមរាប ៖ វេនកាន់បិណ្ឌទី១២ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ គឺ ជាវេនកាន់បិណ្ឌរបស់រដ្ឋបាលខេត្តសៀមរាប ក្រោមវត្តមានរបស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំមន្ត្រីរាជ ចូលរួមកាន់បិណ្ឌវេនទី១២នៅវត្តព្រះអង្គកងជុំ ហៅវត្តព្រះអង្គខ្មៅ ក្រុងសៀមរាប ខេត្តសៀមរាប ដោយមានវត្តមានចូលរួមពីលោកគណៈអភិបាលខេត្តថ្នាក់ដឹកនាំមន្ទីរ អង្គភាព រួមទាំងប្រជាពុទ្ធបរិស័ទជាច្រើនចូលរួមផងដែរ ។
ក្នុងពិធីកាន់បិណ្ឌវេនទី១២ ឯកឧត្តម លោក លោកស្រី ដែលបានចូលរួមពិធីកាន់បិណ្ឌ បានអញ្ជើញរាប់បាត្រ ដើម្បីជាការសន្សំកុសលផលបុណ្យ ព្រមទាំងបាន ឧទ្ទិសមគ្គផល ជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជនមានមាតាបីតា ជីដូនជីតា និងញាតិកាទាំងប្រាំពីរសណ្តាន ដែលបានចែកឋាន រំលាយខ័ន្ធទៅកាន់លោកខាងមុខ។ ព្រមជាមួយនឹងការឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខ័ន្ធ ជូនដល់វីរយុទ្ធជន កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិមាតុភូមិបានមកទទួលមគ្គផលកុសលដែលកូនចៅបានឧទិ្ទសជូន និងកុសលផលបុណ្យដែលកើតឡើង ពីការដាក់បិណ្ឌវេនទី១២នេះ។ ការប្រារព្ធធ្វើពិធីបុណ្យភ្ជុំបិណ្ឌនេះឡើង ក្នុងគោលបំណងដើមី្បឧទ្ទិសមហាកុសល់ជូនដល់លោកអ្នកមានគុណ មានមាតាបិតា ជីដូនជីតា ញាតិកាលទាំងប្រាំពីរសណ្តានដែលបានបាក់បែកចែកឋាន ទៅកាន់បរលោកទៅហើយនោះ។ ពិធីបុណ្យភ្ជុំបិណ្ឌនេះ ធ្វើទៅដោយសេចក្តីគោរព បង្អោនកាយវិចាចិត្ត ឆ្ពោះទៅរកប្រេតជន ជាញាតិកាលទាំងប្រាំពីរសណ្តាន ដែលលោកបានចែកឋានទៅកាន់បរលោក និងជួយរំដោះឲ្យរួចចាកផុតពីទុក្ខទោសទាំងឡាយ ឧបាយភូមិណាមួយ និងឲ្យបានទៅកាន់សុគតិភពថ្មី ហើយងាកក្រោយមកជួយបីបាច់ថែរក្សាកូនចៅ ឲ្យមានសេចក្តីសុខសប្បាយក្នុងក្រុមគ្រួសារ សង្គមជាតិផងដែរ។ ម្យ៉ាងវិញទៀត បានរួមចំណែកជួយទ្រទ្រង់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ៕