ខេត្តព្រះសីហនុ ៖ នៅរសៀលថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ លោក គាំ សុខុម នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ ជាជនពិការចំនួន ០៤គ្រួសារ នៅភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
លោក គាំ សុខុម បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹក និងការអាណិតអាសូរ ពីឯកឧត្តមប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រ មានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ចាស់ជរា ក្មេងកំព្រា ដោយមិនមានការរើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ធ្វើយ៉ាងណាជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋរបស់យើងបានទាន់ពេលវេលា ដោយមិនទុកឱ្យប្រជាពលរដ្ឋយើងណាម្នាក់ខ្វះខាតរស្បៀងអាហារដោយ សារតែយើងមិនបានដឹងនោះទេ ។
អំណោយដែលផ្ដល់ជូនប្រជាជនងាយរងគ្រោះទាំង ៤គ្រួសារនេះ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ៣០គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកស៊ីអ៊ី១យួរ, កន្ទេល១ ឃីតមួយកញ្ចប់ មាន(ក្រមា១ សារុង១ មុង១ ភួយ១) អាវយឺតចំនួន០៥ និងថវិកា ៥ម៉ឺនរៀលផងដែរ ៕