ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានឧបត្ថម្ភថវិកាចំនួន៥លានរៀល ជូនតាយាយពីរនាក់ប្ដីប្រពន្ធ ដែលជិះម៉ូតូមកពីខេត្តបាត់ដំបង ដើម្បីស្កាត់មកឃើញព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ នៃការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្រោយឃើញការបង្ហោះវីដេអូរបស់អ្នកប្រើប្រាស់បណ្ដាញសង្គម ដែលសាកសួរពីចំណាប់អារម្មណ៍របស់លោកតា លោកយាយ បានចាត់ឲ្យឯកឧត្ដម សុខ លូ អភិបាលខេត្តបាត់ដំបង នាំយកថវិកាប្រគល់ជូនពួកគាត់ នៅរង្វង់មូលលោកតាដំបងគ្រញូង។
លោកតា និងលោកយាយដែលទទួលបានថវិកាឧបត្ថម្ភពីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ឈ្មោះ សាត ឈឿន អាយុ៦៦ឆ្នាំ ជាអតីតមេភូមិ ស្វាយបីដើម (ឆ្នាំ២០១៥–២០១៨) និងយាយឈ្មោះ ប៊ុន សាមី អាយុ ៦២ឆ្នាំ បច្ចុប្បន្ននៅភូមិស្វាយបីដើម ឃុំកន្ទឺ១ ស្រុកបាណន់ ។
សូមជម្រាបថា តាមរយៈការសាកសួររបស់អ្នកប្រើប្រាស់បណ្ដាញសង្គម ពួកគាត់បានជិះម៉ូតូមួយគ្រឿង ចេញពីខេត្តបាត់ដំបង នៅវេលាម៉ោង៥ទាបភ្លឺ ថ្ងៃទី០៤ ខែសីហា ហើយ
មកដល់ស្រុកកៀនស្វាយ ខេត្តកណ្ដាល ទីតាំងបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅវេលាម៉ោងប្រមាណ១ថ្ងៃត្រង់ ហើយបានសម្រាកនៅក្បែរទីតាំងពិធីមួយយប់ ដើម្បីបានឃើញព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយនេះ៕