ខេត្តកំពង់ធំ ៖ នៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ សហការជាមួយមន្ទីរឣប់រំយុវជននិងកីឡាខេត្ត អនុសាខាកាកបាទក្រហមកម្ពុជាស្រុកសណ្តាន់ និងមន្ទីរបរិស្ថានខេត្ត បាបានរៀបចំពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជានៅ វិទ្យាល័យវង្សមានរិទ្ធ ក្នុងស្រុកសណ្តាន់សរុប៥១នាក់ ស្រី៣១នាក់ និងដាំដើមឈើចំនួន១០០ដើម ក្រោមអធិបតីភាពលោកជំទាវ លំ គន្ធារី ប្រធានស្តីទីគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ។
កម្មវិធីនេះផងដែរក៏មានការអញ្ជើញចូលរួមលោក ស៊ិន វណ្ណវុឌ្ឍ ប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសណ្តាន់ លោក កែវ ផល នាយកសាខា ព្រមទាំងមានការអញ្ជើញចូលរួមពី ឣនុប្រធានមន្ទីរបរិស្ថានខេត្ត លោកប្រធានការិល័យយុវជននៃមន្ទីរឣប់រំ យុវជន និងកីឡាខេត្ត មន្ត្រីសាខា សមាជិក សមាជិកាគណ:កម្មាធិការអនុសាខា លោកនាយក នាយករងទីប្រឹក្សា យុវជន លោកគ្រូ ឣ្នកគ្រូ យុវជន កាកបាទក្រហមកម្ពុជា សិស្សានុសិស្ស សរុបរួមចំនួន១៥០នាក់ ស្រី៩៨នាក់។
ស្ថិតក្នុងឱកាសនេះដែរ លោកជំទាវប្រធានស្តីទីគណៈកម្មាធិការសាខា ក៏បានថ្លែងការកោតសរសេីរចំពោះក្រុមយុវជន ទាំងអស់ដែលបានស្ម័គ្រចិត្តចូលរួមជាមួយ កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា។
ជាមួយគ្នានោះដែរលោកជំទាវ លំ គន្ធារី ក៏បានធ្វើការផ្តាំផ្ញើដល់ប្អូនៗជាយុវជន កាកបាទក្រហមត្រូវខិតខំ៖ រៀនសូត្រអោយក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានខ្ចាប់ខ្ជួន ចូលរួមថែរក្សាអនាម័យនិងសំអាតនៅសាលានិងតាមកន្លែងផ្សេងៗ ចៀសវាងការប្រើប្រាស់អំពើហិង្សា។ ចេះជួយកិច្ចការផ្ទះ បន្ទាប់ពីការសិក្សា រៀនសូត្រចូលរួមអនាម័យ ថែរក្សាសុខភាព និងលាងសម្អាតដៃជាមួយសាប៊ូឱ្យបានជាប់ជាប្រចាំ។ ចូលរួមថែរក្សា និងដើមឈើ នៅតាមគេហដ្ឋាន សាលារៀន និងទីសាធារណ: ចូលរួមអបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី០៥ ខែសីហាឆ្នាំ២០២៤ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា។
ក្នុងពេលនោះដែរលោកជំទាវ ក៏បានថ្លែងអំណរគុណដល់មន្ទីរបរិស្ថាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលផ្តល់ដើមឈើ ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្ត សម្រាប់ដាំទុកជាប្រយោជន៍ ក្នុងសាលារៀន វត្តអារាម និងទីសាធារណ:ផ្សេងៗ។សមាជិក សមាជិការនៃអង្គពិធីទាំងមូល បានចូលរួមដាំដើមឈើ ប្រភេទឈើប្រណិតចំនួន១០០ដើម ក្នុងបរិវេណ វិទ្យាល័យវង្សមានរិទ្ធ ស្ថិតក្នុងឃុំមានរិទ្ធ ស្រុកសណ្តាន់ ប្រកបដោយបរិយាកាសសប្បាយរីករាយ៕