ខេត្តព្រះវិហារ ៖ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ ក្រសួងបរិស្ថាន បន្តអនុវត្តន៍តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់ថវិកាចំនួន ២០.០០០ដុល្លារ (ម្ភៃពាន់ដុល្លារអាមេរិក) សម្រាប់ឆ្នាំទី២ ដើម្បីលើកទឹកចិត្តដល់ លោក បេន ដេវីស (BEN DEVIS) ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការ ការពារ និងអភិរក្សធនធានធម្មជាតិនៅក្នុងដែនជម្រកសត្វព្រៃ «ភ្នំត្នោត-ភ្នំពក» ។
ឯកឧត្តម ខៀវ បូរិន អគ្គនាយក នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន មានប្រសាសន៍ថា ថវិកាចំនួន ២០,០០០ដុល្លារ (ម្ភៃពាន់ដុល្លារអាមេរិក) សម្រាប់ឆ្នាំទី២នេះ លោក BEN DEVIS ស្ថាបនិក BeTreed Adventure សហការជាមួយសហគមន៍តាបស និងបន្តអនុវត្តន៍ការងារដូចខាងក្រោម៖
១. បន្តជួសជុលផ្លូវលំ តភ្ជាប់ពីសហគមន៍មកដែនជម្រកសត្វព្រៃភ្នំត្នោត និងផ្លូវលំជុំវិញដែនជម្រកសត្វព្រៃដើម្បីងាយស្រួលល្បាត
២. រៀបចំកំណត់ទីតាំងក្នុង ដែន ជម្រកសត្វព្រៃ ដើម្បីដាក់ជាចំការពូជឈើនាងនួន និងដាំចម្ការនាងនួនថ្មីលើផ្ទៃដីចំនួន ៤ហិកតា ដែលទើបបានដោះដូរជាមួយប្រជាជន
៣. អនុវត្តន៍ការដោះដូរដីជាមួយប្រជាជន ដែលមានចម្ការនៅក្នុងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក
៤. ធ្វើការល្បាតជាមួយសហគមន៍ ។
សូមរម្លឹកថា កាលពីឆ្នាំ២០១៩ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រគល់ជូនលោកបេន ដេវីស នូវរថយន្ត pickup ចំនួន ០១គ្រឿង ម៉ូតូចំនួន០២គ្រឿង និងថវិកា២០.០០០$ (ម្ភៃពាន់ដុល្លារអាមេរិក) ពីមូលនិធិបរិស្ថាន និងសង្គមនៃក្រសួងបរិស្ថាន៕