ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប អញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ការិយាល័យច្រកចេញ-ចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៃរដ្ឋបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប

ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ការិយាល័យច្រកចេញ-ចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៃរដ្ឋបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប។

នៅក្នុងពិធីសម្ពោធនោះ ឯកឧត្តម ទៀ សីហា បានមានប្រសាសន៍ថា នេះគឺជាសមិទ្ធផលថ្មីមួយទៀត ក្នុងការចូលរួមសម្រេចឱ្យបានចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងកម្មវិធីកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ តាមរយៈការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាព នៃការផ្ដល់សេវារដ្ឋបាលកាន់តែល្អប្រសើរឡើងជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងបរិយាប័ន្ន។ ការបង្កើតឱ្យមានការិយាល័យច្រកចេញ-ចូលតែមួយ គឺដើម្បីកាត់បន្ថយនូវភាពស្មុគស្មាញ និងភាពសាំញ៉ាំនៃបែបបទ និងនីតិវិធីរដ្ឋបាល សម្រួលជូនប្រជាពលរដ្ឋក្នុងការស្នើសុំសេវានានាពីរដ្ឋបាលសាធារណៈ កាត់បន្ថយជាអតិបរិមានូវការិយាធិបតេយ្យ និងអំពើពុករលួយទៀតផង។

ឯកឧត្តម អភិបាលខេត្ត បានឱ្យដឹងទៀតថា ការិយាល័យប្រជាពលរដ្ឋ គឺជាអង្គភាពអព្យា ក្រឹត្យ មានតួនាទីទទួលសម្របសម្រួល ដោះស្រាយពាក្យបណ្ដឹង ឬការតវ៉ារបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងការសម្រេចរបស់រដ្ឋបាលមូលដ្ឋាន ឬភាពមិនប្រក្រតីណាមួយក្នុងការផ្តល់សេវារបស់មន្ត្រីនៅរដ្ឋបាលមូលដ្ឋាន។ ការរៀបចំបង្កើតការិយាល័យច្រកចេញ-ចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៅថ្នាក់ក្រុង ស្រុក ខណ្ឌ គឺដើម្បីប្រមូលផ្ដុំការផ្ដល់សេវារដ្ឋបាលមួយចំនួននៅកន្លែងតែមួយ តាមរយៈនៃការធ្វើប្រតិភូកម្មមុខងារ ផ្ដល់សេវារដ្ឋបាលប្រមាណជាង២០០ប្រភេទ ពីក្រសួង-ស្ថាប័ន ចំនួន១០។

ឯកឧត្តម ទៀ សីហា បានឱ្យដឹងទៀតថា រហូតមកទល់បច្ចុប្បន្ននេះ ខេត្តសៀមរាប បានដាក់ឱ្យដំណើរការការិយាល័យទាំង២នេះ មានចំនួន៧ក្រុង ស្រុក ក្នុងចំណោមក្រុងស្រុកទាំង១២របស់ខេត្តសៀមរាប រួមមាន៖ ក្រុងសៀមរាប, ស្រុកពួក, ក្រឡាញ់, ជីក្រែង, សូទ្រនិគម, និងស្រុកប្រាសាទបាគង បូករួមទាំងថ្ងៃនេះផង ត្រូវបានបើកសម្ពោធដាក់ឱ្យដំណើរការនៅការិយាល័យច្រកចេញ-ចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៅស្រុកបន្ទាយស្រីមួយថែមទៀត។  ជាមួយគ្នានេះដែរយើងគ្រោងនឹងបើកឱ្យដំណើរការ ការិយាល័យច្រកចេញ-ចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនេះ នៅគ្រប់ស្រុកទាំងអស់ក្នុងពេលឆាប់ៗខាងមុខនេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *