រាជធានីភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន គាំទ្រឱ្យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ផ្សាយកម្មវិធីមួយចំនួន ដែលពាក់ព័ន្ធនឹងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ តែកុំឱ្យខុសពីបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការរួមគ្នាបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូរ៉ូណា (COVID-19)។
ក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍របស់ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានគាំទ្រឱ្យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ផ្សាយកម្មវិធីមួយចំនួនពាក់ព័ន្ធពិធីបុណ្យ ចូលឆ្នាំប្រពៃណីជាតិខ្មែរ តែកុំឱ្យខុសពីបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការរួមគ្នា បង្ការនិងទប់ស្កាត់នៃជំងឺកូរ៉ូណា (COVID-19)។ ធ្វើយ៉ាងណាផ្សព្វផ្សាយក្នុងន័យ កុំឲ្យមានការជួបជុំគ្នារាំលេងកំសាន្តសប្បាយ ឬកម្មវិធីកំសាន្តនានា ដែលមានមនុស្សច្រើននោះទេ ហើយបង្វែរមក ជួបជុំជាលក្ខណៈគ្រួសារ នៅក្នុងផ្ទះនីមួយៗ ទាំងអស់គ្នា ដើម្បីជៀសវាងការឆ្លងនូវជំងឺកូរ៉ូណា (COVID-19) ។
ក្នុងឱកាសនោះ ឯកឧត្តម ខៀវ កាញារីទ្ធ បានណែនាំដល់ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋាន វិទ្យុកម្ពុជា ទូរទស្សន៏ជាតិកម្ពុជា និងទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ត្រូវលើកជាគម្រោងកម្មវិធីនានា ដែលត្រូវផ្សាយនៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ ដើម្បីឯកឧត្តម យកទៅគោរពរាយការណ៍ ជូនសម្តេចតេជោ ហ៊ុន សែន បានជ្រាបជាមុន ហើយបើមានចំណុចខ្វះចន្លោះ ឬលើសអ្វីដែលជាវិធានការ និងបទបញ្ជា នៃការប្រយុទ្ធប្រឆាំងនិងជំងឺកូរ៉ូណា (COVID-19) គឺត្រូវកែសម្រួលមុននិងឈានទៅធ្វើការផ្សាយ។
សូមបញ្ជាក់ថា ដើម្បីចូលរូមក្នុងការប្រយុទ្ធនឹងជំងឺកូរ៉ូណា (COVID-19) នៅថ្ងៃពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិខាងមុខនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តអោយប្រជាជនកម្ពុជា រៀបចំពិធីនេះនៅតាមផ្ទះរៀងៗខ្លួន និងជៀសវាងការជួបជុំដែលមានមនុស្សច្រើន ដើម្បីកុំ អោយមានការឆ្លងរីករាលដាលនៃជំងឺកូរ៉ូណា (COVID-19)៕