ខេត្តស្ទឹងត្រែង: ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា សង្វៀនបញ្ជល់មាន់ក្នុងចម្ការកៅស៊ូ ចំណុចហួសរង្វង់មូលអូរពងមាន់ប្រហែល១០០០ម៉ែត្រ ផ្លូវទៅខេត្តរតនគីរី មានលេងល្បែងប្រជល់មាន់និងអាប៉ោងជាយូរមកហើយមិនទាន់ឃើញមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានចាត់វិធានការបង្ក្រាបទាល់តែសោះ ទោះមានសេចក្តីរាយការណ៏ជូនដំណឹងក៏ដោយ។
ក្នុងមួយថ្ងៃៗមានអ្នកចូលរួមលេងល្បែងយ៉ាងគគ្រឹកគគ្រេង ដោយសារមេល្បែងមានខ្នងបង្អែករឹងមាំ ហើយក៏អាចមានការបើកដៃពីមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានផងដែរ ទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូនដូចសព្វថ្ងៃនេះ។
ចាប់តាំងពីមានល្បែងស៊ីសងខុសច្បាប់កើតឡើងយ៉ាងរាលដាល គឺនៅក្នុងមូលដ្ឋានសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង កើតមានអំពើចោរកម្ម និងបទល្មើសផ្សេងៗគួរឲ្យភ័យខ្លាច ព្រោះអ្នកលេងល្បែងមានអ្នកចាញ់ច្រើនជាងអ្នកឈ្នះ។
សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋក្នុងភូមិរាជានុកូល បានឲ្យដឹងថា នៅក្នុងចំការកៅស៊ូមួយកន្លែងនៅចំណុចអូរពងមាន់ (ហួសរង្វង់មូលប្រហែល១០០០ម៉ែត្រ)ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង មានបើកសង្វៀនបញ្ជល់មាន់ដ៏ធំ ហើយមានអ្នកចូលលេងយ៉ាងពពាក់ពពូនជារៀងរាល់ថ្ងៃ។
ប្រជាពលរដ្ឋបានលើកឡើងថា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងត្រែង ក៏ដូចជាអធិការនគរបាលក្រុងស្ទឹងត្រែង និងអភិបាលក្រុងស្ទឹងត្រែង ក៏ដូចជាមេកងរាជអាវុធហត្ថក្រុង បញ្ជាការកងរាជអាវុធហត្ថខេត្តនឹងស្នងការនគរបាលខេត្តមិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ខាងលើដើម្បីពង្រឹងសន្តិសុខសង្គមឲ្យស្របតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង7ចំណុចនោះទេ។
ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង ចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅក្នុងសង្កាត់ស្ទឹងត្រែង ជាបន្ទាន់។
ប្រភពពីអ្នកធ្លាប់ចូលទៅដល់សង្វៀនបញ្ជល់មាន់ក្នុងចម្ការកៅស៊ូ ចំណុចអូរពងមាន់ ភូមិរាជានុកូល បានឲ្យដឹងថា ម្ចាស់សង្វៀនបានអួតអាងប្រាប់អតិថិជនរបស់ខ្លួនថា គេរត់ការបង់លុយឲ្យសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់អស់ហើយ ដូច្នេះគ្មានសមត្ថកិច្ចណាបង្ក្រាបឡើយ។
ដោយសារព្រួយបារម្ភពីបញ្ហាអសន្តិសុខសង្គមទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បង្ក្រាបល្បែងស៊ីសងឲ្យបានឆាប់បំផុត។ ប្រជាពលរដ្ឋបានរិះគន់ចំៗថា មន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចក្នុងក្រុងស្ទឹងត្រែង ទំនងជាទទួលផលប្រយោជន៍ពីអ្នកបើកល្បែងស៊ីសងខុសច្បាប់ ទើបបណ្ដោយឲ្យល្បែងស៊ីសងកើតឡើងពេញបន្ទុក។ការិយាល័យនិពន្ធ(0882718176) 011884183