(កំពង់ស្ពឺ) ៖កម្លាំងរដ្ឋបាលព្រៃឈើជាមួយអាវុធហត្ថខេត្តកាលពីថ្ងៃទី៣០ ខែមីនាបានចាប់រថយន្តម៉ាកហាយឡេនឌ័រដឹកឈើខុសច្បាប់ដែលបើកយកលាក់ក្នុងបរិវេណផ្ទះអ្នកភូមិ។
មន្ត្រីម្នាក់បានឱ្យដឹងថា កម្លាំងរដ្ឋបាលព្រៃឈើជាមួយកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានដេញតាមរថយន្តម៉ាកហាយឡេនឌ័រមួយគ្រឿងផ្លាកលេខកណ្តាល2A-4695 ដែលដឹកឈើប្រភេទម្រេញសន្លឹកចំនួនជាង៣០សន្លឹកស្មើ១,៤៣២ម៉ែត្រគូប។
សមត្ថកិច្ចបានដេញរថយន្តបទល្មើសមកដល់ភូមិវាលទន្សាយ ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺមានរថយន្តម៉ាកហ្វដផ្លាកលេខ ខ.ម 7257បានឡើងមកបិទមុខរថយន្តសមត្ថកិច្ចបណ្តាលឱ្យរថយន្តល្មើសបើកគេចបាត់។កម្លាំងចម្រុះបានរុករកឃើញរថយន្តល្មើសស្ថិតក្នុងបរិវេណផ្ទះពលរដ្ឋ។បច្ចុប្បន្នវត្តុតាងបានយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺដើម្បីបន្តនីតិវិធី៕សហការី