(ព្រះវិហារ)៖ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តព្រះវិហារ បានបើកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តលើកទី៣៥ របស់ខ្លួន ក្រោមអធិបតីភាពលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត លោក ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្ត និងមានការចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានសាលាដំបូងខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក នាយកទីចាត់ការចំណុះរចនាសម្ព័ន្ធសាលាខេត្ត នៅសាលប្រជុំសាលាខេត្តព្រះវិហារ។
ក្រៅពីរបៀបវារៈពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាលើកទី៣៤ និងរបាយការណ៍ប្រចាំខែមីនា របស់រដ្ឋបាលខេត្តព្រះវិហារ ក៏មានការពិនិត្យ និងអនុម័តសេចក្តីព្រាងកែសម្រួលការបែងចែកតួនាទីភារកិច្ចជូនក្រុមប្រឹក្សាខេត្ត, សេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ, សេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស, សេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការរៀបចំដែនដីនគរូបនីយកម្ម និងសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាពលេខាធិការដ្ឋានគណៈកម្មាធិការរៀបចំដែនដីនគរូបនីយកម្មរបស់ក្រុមប្រឹក្សាខេត្ត៕