(ព្រះវិហារ)៖ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានរៀបចំ ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារបន្តឆ្នាំ២០២២ របស់មន្ទីរសុខាភិបាលខេត្ត ក្រោមអធិបតីភាពលោក ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ដែលពិធីនេះមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ព្រម
ទាំងមន្ត្រីរាជការ នៃមន្ទីរសុខាភិបាល ប្រធាន អនុប្រធាន លោកគ្រូ អ្នកគ្រូពេទ្យ ជាច្រើនរូបទៀត។
លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានឲ្យដឹងថា សន្និបាតបានប្រព្រឹត្តទៅអស់រយៈពេល១ថ្ងៃកន្លះ គិតចាប់ពីថ្ងៃទី២៩ និង៣០ ខែមីនាឆ្នាំ២០២២ ដែលមានសមាសភាពចូលរួមសរុបចំនួន៧៨
នាក់។
នាឱកាសនោះផងដែរ លោកវេជ្ជបណ្ឌិត បានអានរបាយការណ៍អំពីសមិទ្ធផលសំខាន់ៗ ដែលមន្ទីរសុខភិបាលខេត្ត បានអនុវត្តក្នុងឆ្នាំ២០២១ និងលើកទិសដៅបន្តក្នុងឆ្នាំ២០២២ ជូនដល់អង្គសន្និបាត។
លោក ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធដទៃទៀត ដែលបានសហការរៀបចំសន្និបាតដ៏មានសារៈសំខាន់នេះឡើង ក្នុងគោលបំណងដើម្បីធ្វើការឆ្លុះបញ្ចាំង ឲ្យឃើញអំពីសមិទ្ធផល និងលទ្ធផលការងារសុខាភិបាល ដែលបានអនុវត្តក្នុងឆ្នាំកន្លងទៅ ទាំងចំណុចខ្លាំង និងចំណុចខ្វះខាត បញ្ហាប្រឈម និងការងារសេសសល់ដទៃទៀត ដើម្បីរួមគ្នាពិភាក្សាផ្ដល់យោបល់ ធ្វើការកែលម្អ លើកទិសដៅសម្រាប់ជាមូលដ្ឋានក្នុងការអនុវត្ត និងបង្កើនប្រសិទ្ធភាពការងារក្នុងឆ្នាំបន្ទាប់។
លោក ប្រាក់ សុវណ្ណ ក៏បានធ្វើការជម្រុញបន្ថែមទៀត ទៅដល់អង្គសន្និបាត ត្រូវខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត ស្មារតីជំនះរាល់ឧបសគ្គ តស៊ូ អត់ធ្មត់ ក្នុងឧត្តមគតិ និងសតិសម្បជញ្ញៈ ដើម្បីឲ្យវិស័យសុខាភិបាលសម្រេចបាននូវសមិទ្ធផល និងវឌ្ឍនៈភាពថ្មីៗ ជាច្រើនថែមទៀត នៅក្នុងការអនុវត្តផែនការប្រតិបត្តិប្រចាំឆ្នាំ២០២២ និងឆ្នាំបន្តបន្ទាប់។
ពិសេសត្រូវយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់សមត្ថភាពជំនាញ ដល់មន្ត្រីបុគ្គលិកសុខាភិបាល អំពីការប្រតិបត្តិផ្នែកវិទ្យាសាស្រ្ត ក្រមសីលធម៌វិជ្ជាជីវៈ និងឥរិយាបថនៃការទំនាក់ទំនង ដើម្បីអាចកសាងបាននូវទំនុកចិត្តពីប្រជាពលរដ្ឋ៕