រថយន្តសាំយ៉ុងបែកកង់ក្រឡាប់ លេចចេញសុទ្ធតែឈើ រងរបួសធ្ងន់០៣នាក់ នៅស្រុករវៀង!

(ព្រះវិហារ)៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏ភ្ញាក់ផ្អើលមួយ បង្កខ្លួនឯងដោយរថយន្តសាំយ៉ុងក្រឡាប់ផ្ងារជើង លេចចេញសុទ្ធតែឈើនៅលើកំណាត់ផ្លូវជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រលេខ៥៧នឹង៥៨ ស្ថិតក្នុងភូមិរំចេក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៦នឹង៥នាទីព្រឹក នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្ត ០១គ្រឿង ម៉ាកសាំយ៉ុង ពណ៌ស្លែ គ្មានស្លាកលេខ បានបើកបរយ៉ាងលឿនក្នុងទិសដៅពីខេត្តព្រះវិហារឆ្ពោះទៅខេត្តកំពង់ធំ។ លុះដល់ចំណុចកើតហេតុខាងលើ រថយន្តបែកកង់ផ្នែកខាងក្រោយ បណ្តាលឲ្យរេចង្កូចក្រឡាប់តែម្តង។

លោកអនុសេនីយ៍ទោ ហម ផេន នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលរមណីយ បានឲ្យដឹងថា រថយន្តខាងលើបើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរពីរនាក់ទៀត (ប្រុស២ ស្រី១) ដោយមិនស្គាល់អត្តសញ្ញាណ បានរងរបួសធ្ងន់ទាំង០៣នាក់។

លោកនាយរងប៉ុស្តិ៍ បានបន្តថា ក្រោយពេលកើតហេតុ ជនរងគ្រោះទាំងបីនាក់ខាងលើ ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យខេត្តកំពង់ធំ។ ចំណែករថយន្តខាងលើត្រូវបានស្ទួចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករវៀង ហើយឈើត្រូវបានដឹកយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើរវៀង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *