ប្រធានក្រុមការងារយុវជន គណប​ក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ អ​ញ្ជើ​​​ញជាអធិបតីក្នុងពិធីប្រកា​សកែ​ស​ម្រួល និងតែងតាំងសមាសភាព ក្រុមការងារយុវជនគណបក្សស្រុកឆែប

ខេត្តព្រះវិហារ ៖ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ នៅស្នាក់ការគណបក្សស្រុកឆែប ខេត្តព្រះវិហារ ឯកឧត្តម យុង គឹមហ៊ាន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តព្រះវិហារ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសកែសម្រួល និងតែងតាំងសមាសភាព ក្រុមការងារយុវជនគណបក្សស្រុកឆែប ខេត្តព្រះវិហារ។ ពិធីនោះទៀត ក៏មានការអញ្ជើញចូលរួមជាអធិបតី ពីសំណា​ក់​ សមាជិកគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សស្រុកឆែប ខេត្តព្រះវិហារ លោកសុខ សាន្តតារ៉ា ,គណៈកម្មា​ធិការគណបក្សស្រុក ក្រុមការងារយុវជនគណបក្សខេត្ត ស្រុក និងក្រុមសកម្មជនយុវជនគណបក្ស ប្រមាណជិត ១០០នាក់។

ប្រធានក្រុមការងារយុវជនគណបក្សស្រុកឆែប លោក អ៊ុន សុផល បានឡើងរាយការណ៍ អំពី សមាសភាពក្រុមការងារ និងក្រុមសកម្មជនយុវជ​ន​គណបក្សស្រុក ដែលបានអនុវត្តការងារតាមគោលការណ៍បក្ស និងបានចូលរួមក្នុងវិស័យសង្គមធម៌ និងមនុស្សធម៌ ជាច្រើននៅថ្នាក់មូលដ្ឋាន ស្រ​​​​ប​ទៅតាមគោលនយោបាយ និងទស្សនវិស័យរបស់បក្ស ដែលបានដាក់ចុះអោយអនុវត្តនាពេលកន្លងមក បានយ៉ាងល្អប្រសើរ តែក៏នៅមានខ្វះចន្លោះចំណុចខ្លះៗ ដែលត្រូវអនុវត្តបន្តអោយបានជោគជ័យ នៅពេលខាងមុខ។ លោក អ៊ុន សុផល ក្នុងនាមក្រុមការងារយុវជនគណបក្សស្រុក បានចាត់ទុកគណបក្សប្រជាជនកម្ពុជា គឺជាឪពុកម្តាយ និងជាអ្នកផ្តល់កំណើតទី២ ដល់សិទ្ធិរស់រានមានជីវិត និងសិទ្ធិសេរីភាពនានាជាច្រើនទៀត ដល់មន្ត្រីបក្ស និងប្រជាជនកម្ពុជា ទូទាំងប្រទេស។

ប្រធានគណៈកម្មាធិការគណបក្សស្រុកឆែប លោក សុខ សាន្តតារ៉ា លើកឡើងថា ថ្នាក់ដឹកនាំបក្សស្រុក សកម្មជន និងសមាជិក សមាជិកាបក្សស្រុកទាំងអស់ តែងបានចូលរួមយ៉ាងសកម្ម នៅក្នុងកិច្ចការងារស្នូលរបស់បក្ស ដែលបានអនុវត្តយ៉ាងត្រឹមត្រូវ តាមរយះការលះបង់កម្លាំងកាយ ចិត្ត និងពេលវេលាដ៏មានតម្លៃរបស់ខ្លួន ដើម្បីចូលរួមនៅក្នុងគ្រប់សកម្មភាពចលនាសង្គមធម៌ និងមនុស្សធម៌ នៅថ្នាក់មូលដ្ឋានរបស់ផងខ្លួន។ លោកបានផ្តាំផ្ញើ ដល់ថ្នាក់ដឹកនាំបក្ស សកម្មជនយុវជនបក្ស សមាជិក និងសមាជិកាបក្សទាំងអស់ មិនត្រូវប្រព្រឹត្តអំពើល្មើសច្បាប់នានា ដូចជា ការចូលព្រៃកាប់ឈើ ការបរបាញ់សត្វព្រៃ ការជួញដូរគ្រឿងញៀន ដែលជាទង្វើផ្ទុយពីគោលនយោបាយរបស់ គណបក្សប្រជាជនកម្ពុជា ជាដា​ច់​ខាត។ លោក សុខ សាន្តដារ៉ា បានក្រើនរំលឹកដល់មន្ត្រីបក្សប្រជាជនស្រុកទាំងអស់ ត្រូវខិតខំកសាង នូវអំពើណាដែលល្អ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ត្រូវមានគុណធម៌ និងសីលធម៌ នៅក្នុងការរាស់នៅ និងត្រូវចេះជួយគ្នាក្នុងគ្រាមានអាសន្ន ជាពិសេស កុមារកំព្រា ចាស់ជរាគ្មានទីពឹង និងស្ត្រីមេម៉ាយជាដើម។ល។ នោះហើយ គឺជាគោលនយោបាយរបស់ គណបក្សប្រជាជនកម្ពុជា។

ប្រធានក្រុមការងារយុវជនគណបក្សខេត្ត ឯកឧត្តមយុង គឹមហ៊ាន បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំបក្ស សកម្មជន និងសមាជិក សមាជិកាប​ក្ស​ប្រជាជនទាំងអស់ ត្រូវចេះរួបរួមសាមគ្គី ឯកភាពគ្នាជាធ្លុងមួយ នៅក្នុងជួរបក្សអោយបានរឹងមាំ និងកាន់តែខ្លាំងក្លាថែមទៀត។ ហើយត្រូវចេះវា​យបកទៅលើបក្សនយោបាយណាមួយ ដែលដើរបរិហារពី គោលនយោបាយបក្សប្រជាជន ដើរបំផុសបំផុលប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងកា​រជ្រៀតជ្រែកផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា។ លោកថា គណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន គឺបានដា​ក់​ចេញនូវគោលនយោបាយយ៉ាងត្រឹមត្រូវ និងអនុវត្តយ៉ាងមានប្រសិទ្ធភាព នៅក្នុងការដឹកគ្រប់រចនាសម្ព័ន្ធ និងការដឹកនាំប្រទេស អោយឈានឆ្ពោះ​ទៅរកភាពរីកចម្រើន។ ដូច្នេះ យើងទាំងអស់គ្នា ត្រូវរួមគ្នាថែរក្សា សមិទ្ធផល ដែលគណបក្សប្រជាជនកម្ពុជា រកបានមកដោយលំបាក ជាពិ​សេ​ស គឺ សន្តិភាព ប្រសិនបើគ្មានសន្តិភាពទេនោះ ក៏គ្មានគ្មានសិទ្ធិសេរីភាព និងការអភិវឌ្ឍប្រទេស អោយរីចចម្រើនបាននោះដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *