(ព្រះវិហារ)៖ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានរៀបចំសិក្ខាសាលា បូកសរុបលទ្ធផលការងារ យោធាសន្តិសុខ ឆ្នាំ២០២១ និងដាក់ចេញទិសដៅអនុវត្ដន៍បន្ដ ឆ្នាំ២០២២ ក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ។
នាឱកាសនោះ ក៏មានការអញ្ជើញពីសំណាក លោកឧត្ដមសេនីយ៍ត្រី ហ៊រ ពិសិដ្ឋ នាយរងសេនាធិការ យោភូមិភាគទី៤ តំណាងលោកឧត្ដមសេនីយ៍ទោ លៀង ឡេង មេបញ្ជាការរងយោភូមិភាគទី៤ មេបញ្ជាការប្រចាំទិសទី១ប្រាសាទព្រះវិហារ យោភូមិភាគទី៤ ព្រមទាំងមេបញ្ជាការរង មេបញ្ជាការក្រុង ស្រុកទាំង៨ នាយ នាយរង និងពលទាហានជាច្រើនរូបផងដែរ។
លោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានផ្ដាំផ្ញេីដល់លោកមេបញ្ជាការអង្គភាពតាមបណ្ដាខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ-ឡាវ ត្រូវយកចិត្ដទុកដាក់ការពារបូរណភាពទឹកដី ទប់ស្កាត់បងប្អូនប្រជាពលរដ្ឋ ពលករឆ្លងដែនខុសច្បាប់ ទប់ស្កាត់នៅបទល្មេីសផ្សេងៗ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ជាពិសេសលោកមេបញ្ជាការតាមបណ្ដាលអង្គភាពក្រុង-ស្រុកទាំងអស់ ត្រូវយកចិត្ដទុកដាក់សហការជាមួយអាជ្ញាធរមូលដ្ឋានឲ្យបានល្អ និងរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ (អូមីក្រុង) ដែលកំពុងកេីតមាននៅក្នុងភូមិសាស្រ្ដខេត្ដព្រះវិហារ។ ហើយត្រូវយកចិត្ដទុកដាក់អនុវត្ដនៅវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ និងតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ។
ក្រោយពីចប់សិក្ខាសាលា តាមបណ្តាអង្គភាព ក្រុង-ស្រុក ក៏បានទទួលថ្នាំដុសធ្មេញ ដែលជាអំណោយរបស់លោកស្រី នូ ថាវរី អភិបាលរង នៃគណៈអភិបាលខ័ណ្ឌដូនពេញ តាមរយៈលោកវរសេនីយ៍ឯក នូ ប៊ុនថារ៉ុម មេបញ្ជាការរងតំបន់ប្រតិបត្ដិការសឹករងព្រះវិហារ៕