រដ្ឋបាលខេត្តព្រះវិហារ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២!

(ព្រះវិហារ)៖ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តព្រះវិហារ បានបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ នៅសាលប្រជុំអគារដ្ឋបាលខេត្ត ក្រោមអធិបតីភាពលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងមានការចូលរួមពីក្រុមការងារចុះជួយមូលដ្ឋានខេត្តព្រះវិហារ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត អាជា្ញធរស្រុក ក្រុង ឃុំ សង្កាត់ មេប៉ុស្តិ៍ មន្ត្រីរាជការសាលាខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

មានមតិបើកអង្គសន្និបាតនាពេលនេះ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានគូសបញ្ជាក់ថា ដំណើរការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់រដ្ឋបាលខេត្តនាពេលនេះគឺ ដើម្បីឲ្យយើងរួមគ្នាធ្វើការវាយតម្លៃអំពីសមិទ្ធផលការងារដែលរដ្ឋបាលខេត្តខិតខំសម្រេចបានទាំងក្នុងក្របខណ្ឌនៃតួនាទីភារកិច្ចស្របតាមច្បាប់កំណត់ កិច្ចសហការសម្របសម្រួល កិច្ចការនានាតាមការដឹកនាំ និងបទបញ្ជា ហើយជាពិសេសការកំណត់ទិសដៅការងារសម្រាប់អនុវត្តក្នុងឆ្នាំបន្ទាប់ ស្របតាមទិសដៅការងារដែលបានកំណត់ក្នុងសន្និបាតប្រចាំឆ្នាំ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញឲ្យទទួលបានលទ្ធផលល្អ និងកាន់តែមានប្រសិទ្ធភាពថែមទៀត។

ទន្ទឹមនឹងនេះដែរ អង្គសន្និបាតនឹងធ្វើការបែងចែកក្រុមពិភាក្សាលើ ប្រធានបទសំខាន់ៗ ដើម្បីប្រមូលធាតុចូលពីសមាជិក សមាជិកានៃអង្គសន្និបាតសម្រាប់បំពេញបន្ថែមលើខ្លឹមសាររបាយការណ៍ និងទិសដៅ ព្រមទាំងគោលការណ៍សំខាន់ៗ សម្រាប់អនុវត្តក្នុងឆ្នាំ២០២២នេះ ដែលរួមមាន៖

១. សន្ដិសុខសណ្ដាប់ធ្នាប់សង្គមគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព”។

២. ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

៣. ការគ្រប់គ្រងធនធានធម្មជាតិ, ការប្រើប្រាស់ដីធ្លី, ព្រៃឈើ និងជលផល។

៤. ការផ្ដល់សេវាសង្គម, ការងារអប់រំយុវជន និងកីឡា, ការគ្រប់គ្រងជំងឺឆ្លងកាចសាហាវ (កូវីដ-១៩), សុខភាពអនាម័យមាតា និងទារក, សង្គមកិច្ច, អគ្គិសនី, ទឹក និងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *