រដ្ឋបាលខេត្តព្រះវិហារ រៀបចំពិធីអបអរសារទរខួបលើកទី១១១ ទិវានារីអន្តរជាតិ ៨ មីនា ២០២២ ក្រោមប្រធានបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត»

(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២នេះ បានរៀបចំពិធីអបអរសារទរខួបលើកទី១១១ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០២២ ក្រោមប្រធានបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេល អនាគត»។ ពិធីនេះស្ថិតក្រោមវត្តមានលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការជានារីតាមបណ្តាមន្ទីរ អង្គភាព ជុំវិញខេត្តជាច្រើនរូបទៀត។

ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារលោក ប្រាក់ សុវណ្ណ សូមលំអោនកាយគោរពគាំទ្រទាំងស្រុងចំពោះ ព្រះរាជសារសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវរៈរាជមាតាជាតិខ្មែរ ក្នុងសិរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរសារទរខួបលើកទី១១១ ទិវានារីអន្តរជាតិ ៨មីនាឆ្នាំ២០២២នេះ។

លោក ប្រាក់ សុវណ្ណ បានថ្លែងកោតសរសើរចំពោះ លោកស្រីជាក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការរដ្ឋបាលខេត្តព្រះវិហារ និងស្ត្រីទាំងអស់ ហើយលោកសូមវាយតម្លៃខ្ពស់ និងគាំទ្រគណៈកម្មាធិការពិគ្រោះយោបល់ស្ត្រីនិងកុមារ ខេត្ត ក្រុង ស្រុក និងគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ ឃុំ សង្កាត់ ដែលបាននឹងកំពុងខិតខំប្រឹងប្រែង និងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការលើកកម្ពស់បរិយាប័ន្ននិងសមធម៍សង្គម ដើម្បីស្ត្រីនិងកុមារនិងជនងាយរងគ្រោះ ទទួលបានកិច្ចការពារសិទ្ធនិងផលប្រយោជន៍។

នៅក្នុងឱកាសនេះដែរ លោកអភិបាលខេត្តព្រះវិហារ ក៏បានថ្លែងផ្តាំផ្ញើដល់មន្ទីរ អង្គភាព ពាក់ព័ន្ធ សូមបន្ថែមការយកចិត្តទុកដាក់ជំរុញលើកកម្ពស់ស្ត្រីនិងក្មេងស្រីគ្រប់រូបភាពដូចជា៖

*ជំរុញលើកទឹកចិត្តមាតាបិតា ឲ្យកូនស្រីបានរៀនសូត្រខ្ពង់ខ្ពស់ដូចកូនប្រុសដែរ។

*ដាក់ទោសឲ្យស័ក្កសមចំពោះជនល្មើសដែលបានរំលោភបំពានលើស្ត្រី។

*មន្ទីរសុខាភិបាលបន្តតាមដានការលើកកម្ពស់សុខភាពស្ត្រីនិងមាតា។

*មន្ទីរសង្គមកិច្ចនិងមន្ទីរផែនការ បន្តកិច្ចការឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះនិងគ្រួសារក្រីក្ររងគ្រោះក្នុងបរិបទជំងឺកូវីដ-១៩។

*អាជ្ញាធរមូលដ្ឋាននិងភាគីពាក់ព័ន្ធទាំងអស់ សូមជំរុញឲ្យស្ត្រីក៏ដូចជាប្រជាពលរដ្ឋមកទទួលការចាក់វ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់ៗគ្នា ក៏ដូចជាជំរុញស្ត្រីជាម្តាយ ឲ្យនាំកូនដែលមានអាយុពី៣ទៅ៥ឆ្នាំ មកទទួលចាក់វ៉ាក់សាំងកូវីដ-១៩ផងដែរ។

 

សូមបញ្ជាក់ថា ក្នុងឱកាសអបអរសារទរខួបលើកទី១១១ ទិវានារីអន្តរជាតិ៨មីនាឆ្នាំ២០២២នេះ តាមមន្ទីរ អង្គភាព ជុំវិញខេត្តព្រះវិហារ មួយចំនួន ក៏បានប្រារព្វធ្វើផងដែរ ក្នុងន័យលើកកម្ពស់មន្ត្រីរាជការជានារីនៅក្នុងអង្គភាព ឲ្យកាន់តែមានទឹកចិត្តបំពេញការងារថែមទៀត ក៏ដូចជាក្នុងន័យបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំអង្គភាព ចំពោះមន្ត្រីរាជការជានារីផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *