(ព្រះវិហារ)៖ នារសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២នេះ នៅមន្ទីរព័ត៌មានខេត្តព្រះវិហារ បានរៀបចំ ពិធីសំណេះសំណាលសមាគមន៍នារីនៃមន្ទីរព័ត៌មានខេត្ត ក្នុងឱកាសអបអរសាទរខួបលើកទី១១១ ទិវាអន្តរជាតិ ៨មីនា ក្រោមវត្តមាន លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ ក្រោមប្រធានបទ (សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត) ដែលពីធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកអនុប្រធានមន្ទីរ មន្ត្រីរាជការ និងមន្ត្រីកិច្ច សន្យាជាច្រើនរូប។
លោកស្រី ហែម សុគុណពិសី បានថ្លែងថា ទិវា៨មីនា គឺជាព្រឹត្តិការណ៍ជាសកល ដែលមហាសន្និបាតអង្គការសហប្រជាជាតិ បានប្រកាសជាទិវារបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិស្ត្រី និងសន្តិភាពពិភពលោកនាឆ្នាំ១៩៧៧។ ជារៀងរាល់ឆ្នាំ ប្រទេសកម្ពុជាបានបើកយុទ្ធនាការទិវាអន្តរជាតិនារី ៨មីនា ដើម្បីរំលឹកពីការតស៊ូទាមទាសិទ្ធិសេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនៈភាព សមិទ្ធផល បញ្ហាប្រឈម ការប្តជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើតភាពអង់អាចដល់ស្ត្រី និងក្មេងស្រីគ្រប់រូប។
លោកស្រីប្រធានមន្ទីរ បានបន្តទៀតថា ក្នុងឆ្នាំ២០២២នេះ ក្រសួងកិច្ចការនារី សហការជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិល ដែគូរអភិវឌ្ឍន៍ និងវិស័យឯកជន រួមទាំង បណ្ដាញផ្សព្វផ្សាយនានា និងរៀបចំយុទ្ធនាការអបអរសាទរ ទិវាអន្តរជាតិ ៨មីនា ខួបលើកទី ១១១ ក្រោមប្រធានបទ (សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត) ក្នុងគោល បំណង បញ្ជាក់ពីតម្លៃសមភាពយេនឌ័រ សម្រាប់ការអភិវឌ្ឍន៍លើគ្រប់វិស័យ និងជម្រុញឲ្យគ្រប់ ដៃគូរពាក់ព័ន្ធ បន្តអនុវត្តវិធានការគោលនយោបាយកម្មវិធីនានា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើតភាពអង់អាចដល់ស្ត្រីនៅក្នុងការស្ដារសេដ្ឋកិច្ចសង្គម
ក្រោយវិបត្តិកូវីដ-១៩ និងរស់នៅតាមបែបគន្លងថ្មី ក៏ដូចជាការកសាងភាពរឹងមាំ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងឱកាសនោះ លោកស្រីក៏បានផ្ដល់ជូនការដូរអនុស្សាវរីយ៍ដល់មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យាជាច្រើនរូបផងដែរ៕