ខេត្តក្រចេះ៖ តើលោក សាំង សុខន ប្រធានស្នាក់ការដែនជម្រកសត្វព្រៃឡង់ ខេត្តក្រចេះមានដឹងដែរទេ ចំពោះការកាប់ឈើ និងដឹកឈើប្រភេទឈ្លីកឃ្លុំ តាមគោយន្តកន្ត្រៃ ជាច្រើនគ្រឿង ក្នុងមួយថ្ងៃៗ ចេញពីតំបន់ព្រៃឡង់ត្រង់ចំណុចភ្នំចែម៉ែ ដឹកឆ្លងកាត់ចំណុចនិយាមការ៖
(583718-1433729) ឆ្ពោះទៅក្រុមហ៊ុន សុីងបាយអូថេក ដែលស្ថិតនៅឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។
យោងតាមប្រភពពីអ្នកដឹកឈើ និងប្រជាពល រដ្ឋ បានលួចបង្ហើបប្រាប់សារព័ត៌មាន រស្មីនាគមាសយើងអោយដឹងថា ពួកគាត់អ្នកដែលទៅកាប់និងដឹកលក់ អោយក្រុមហ៊ុនបាន ដោយ សារមេការជាអ្នក ទទួលខុសត្រូវ តែបើអត់ដឹកអោយក្រុមហ៊ុនទេ បើមានជំនាញចាប់ គឺទទួលខុសត្រូវខ្លួនឯង ដូចនេះពួកគាត់គ្មានជំរើស ក្រៅពីដឹកលក់អោយក្រុមហ៊ុនឡើយ។
តែអ្នកដែល ទៅកាប់និងដឹកឈើលក់អោយក្រុមហ៊ុន ពួកគាត់ទាំងនោះ មានការត្អូញត្អែរថា ពួកគាត់យកមកលក់ អោយក្រុមហ៊ុន មេការខាងក្រុមហ៊ុន គិតមុខឈើ មិនអោយពេញនោះទេ គឺគេគិត មួយចាក់កាត់មួយហ៊ុនគុណប៉ែត និងតម្លៃមួយម៉ែត្រគីប 100$ ហើយមេការដែលបើកលុយធំ និងមើលការខុសត្រូវនោះគឺឈ្មោះ លោកវុធ។
ក្រោយពីទទួលព័ត៌មាន និងរូបភាពបទល្មើសជាក់ស្តែង រួចមក អង្គភាពយើងក៏បានរាយការទៅលោក សាំង សុខន ប្រធានស្នាក់ការដែន ជម្រកសត្វព្រៃឡង់ ខេត្តក្រចេះ ដើម្បីអោយលោកជ្រាប និងមានចំណាត់ការបង្ក្រាប តែក្រោយពីរាយការណ៍ ហាក់បីដូចជាធម្មតា គ្មានការបង្ក្រាបសោះឡើយ ដឹកនៅតែដឹក ចំណែកកូនចៅរបស់លោក សាំង សុខន នៅត្រពាំង សង្កែវិញ គាត់ថាខ្វះកម្លាំង ព្រោះគាត់នៅតែម្នាក់ឯង។
ភ្លាមនោះយើងក៏បានបាញ់ឯកសារ រាយការណ៍បន្តរ ទៅលោក ឌួង ឆាយសាវុធ ប្រធានមន្ទីបរិស្ថានខេត្តក្រចេះតាមរយះTelegramតែមិនឃើញលោកចូលមើលនោះទេ។
ក្រោយមកទៀត យើងក៏បាញ់ឯកសារនេះបន្តរទៅលោក ភារម្យ ដែលជាប៉េអឹម ផ្ទៃប្រទេស
ឃើញលោកចូលមើលដែរ តែលោកមិនតប។
បន្ទាប់មកទៀត អង្គភាពយើងក៏បានរាយការណ៍ ទៅឯកឧត្តម សៅ សុខា តាមរយះ Telegram ដើម្បីគោរពរាយ ការណ៍ជូនឯក ឧត្តម ទាក់ទិននិងបទល្មើស ធនធានធម្មជាតិ និងឆ្លុះបញ្ចាំង អោយឃើញ ពីភាពអសកម្មរបស់មន្ត្រីមួយចំនួនតូច ដែលមានភារកិច្ចនិងតួនាទីល្បាតថែរក្សារនិងការពារធនធានធម្មជាតិ ។
មហាជនមួយចំនួន សំណូមពរដល់ឯកឧត្តម វេង សាខុន និង ឯកឧត្តម សាយ សំអាល់ សូមរដ្ឋមន្ត្រីទាំងពីរ ជួយត្រួតពិនិត្យ មន្ត្រីថ្នាក់ក្រោមផងទាន ព្រោះមន្ត្រីទាំងនោះដូចជាមិនអើពើរទាល់តែសោះ ចំពោះការរាយការណ៍ពីករណីដឹកឈើប្រភេទឈ្លីក យ៉ាងអាណាធិបតេយ្យនេះ។
ពួកគាត់ក៏សូម សំណូមពរបន្តរ ដល់ឯកឧត្តមរាជមណ្ឌិតសភា សុខ ទូច ផងដែរ ដែលលោកតែងតែខិតខំកន្លងមក ក្នុងការថែរក្សានិងការពារធនធានធម្មជាតិ ដើម្បី អោយឯកឧត្តម បានជ្រាប ពីការបាត់បង់ព្រៃឈើ នៅក្នុងព្រៃឡង់ ខេត្តក្រចេះ ដែរជាដែនសមត្ថកិច្ចគ្រប់គ្រងរបស់លោក សាំង សុខន។
បើមានប្រតិកម្មណាមួយ ក្រោយពីការចុះផ្សាយ ភាគីនោះអាចស្នើសុំផ្សាយកែតម្រូវឡើងវិញបានដោយយោងពីច្បាប់ស្ដីពីរបបសារព័ត៌មាន។