សម្ដេចពិជ័យសេនា ទៀ បាញ់ ជំរុញឱ្យសិស្សដែលប្រឡងជាប់និទេ្ទសA ក្នុងខេត្តសៀមរាបត្រូវបន្តខិតខំរៀនសូត្របន្ថែម ដើម្បីអនាគតខ្លួនឯង គ្រួសារនិងសង្គមជាតិ

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានផ្ដល់រង្វាន់ម៉ូតូចំនួន ១៥៣គ្រឿង និងប័ណ្ណសរសើរ ដល់សិស្សានុសិស្សចំនួន១៥៣នាក់ ដែលបានប្រឡងមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេស A នៅមណ្ឌលខេត្ដសៀមរាប និងបានជំរុញលើកទឹកឱ្យពួកគាត់ខិតខំសិក្សារៀនសូត្របន្ថែមទៀត។

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងក្នុងឱកាសសំណេះសំណាល ចែករង្វាន់ម៉ូតូ និងផ្តល់ប័ណ្ណសសើរ ដល់សិស្សានុសិស្សប្រឡងមធ្យមសិក្សាទុតិយភូមិ ដែលទទួលបាននិទេ្ទសA មណ្ឌលខេត្តសៀមរាប នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះថា ចំពោះសិស្សានុសិស្សដែលប្រឡងជាប់និទ្ទេសAចំនួន១៥៣នាក់នេះ ជាមោទនភាពមួយរបស់ខេត្តសៀមរាប ដែលបង្ហាញអំពីភាពរីកចម្រើនលើវិស័យអប់រំពីមួយឆ្នាំទៅមួយឆ្នាំ។

សម្តេចបន្តថា ទន្ទឹមនិងនេះ លោកគ្រូ អ្នកគ្រូ ត្រូវបន្តលើកកម្ពស់សុខភាពអនាម័យឱ្យបានខ្ជាប់ខ្ជួន ក្នុងបរិបទកូវីដ១៩នេះ ជាពិសេសអនុវត្តតាមអភិក្រម ៣កុំ និង៣ការពារ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩នៅក្នុងសាលារៀន និងត្រូវគិតគូពីជម្រើសឱ្យបានច្រើន ក្នុងការផ្តល់សេវាអប់រំ អាស្រ័យលើទីតាំងភូមិសាស្រ្ត នៃហានិភ័យការចម្លងជំងឺកូវីដ១៩។

សម្តេចបានអំពាវនាវដល់ក្មួយៗសិស្សានុសិស្សដែល ប្រឡងជាប់និទ្ទេសA ចំនួន១៥៣នាក់ នៅក្នុងខេត្តសៀមរាប ក្នុងនាមយុវជនជាទំពាំងស្នងឫស្សី ត្រូវបន្តយកចិត្តទុកដាក់ ក្នុងការសិក្សារៀនសូត្រឱ្យបានកាន់តែល្អប្រសើ និងចៀសឱ្យឆ្ងាយពីគ្រឿងញៀន ដើម្បីអនាគតខ្លួនឯង ក្រុមគ្រួសារនិងសង្គមជាតិទាំងមូល។ក្មួយៗសិស្សានុសិស្ស និស្សិត យុវជន យុវនារីទាំងអស់ សូមបន្តសិក្សារៀនសូត្រ និងស្រាវជ្រាវឱ្យបានខ្ជាប់ខ្ជួន និងចូលរួមឱ្យបានសស្រាក់សស្រាំ ក្នុងអំពើល្អ ដើម្បីការរីកចម្រើន ក្នុងគ្រួសារ ក្នុងសង្គម និងប្រទេសជាតិយើងទាំងមូល ជាមួយគ្នានេះសូមក្មួយៗចងចាំជានិច្ចថា យើងស្រឡាញ់ខ្លួន ស្រឡាញ់ឪពុកម្តាយ និងសង្គមជាតិយើងសូមនៅឱ្យឆ្ងាយពីគ្រឿងញៀន។

សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១ នៅខេត្តសៀមរាប មានមណ្ឌលប្រឡងចំនួន ១២មណ្ឌល ស្មើនឹង៣៥៧បន្ទប់ មានបេក្ខជនសរុបចំនួន៨.៨៣២នាក់ ក្នុងនោះស្រីចំនួន ៥.០៣៨នាក់ ហើយក្នុងចំណោមបេក្ខជនទាំងអស់នេះ មានបេក្ខជនប្រភេទជាស្វ័យរិនចំនួន១៥៧នាក់ ក្នុងនោះស្រីចំនួន ៧១នាក់ និងឯកជនបំពេញវិជ្ជាចំនួន១៥៥នាក់ ក្នុងនោះស្រីចំនួន ៦៩នាក់ និងបេក្ខជនប្រភេទជាស្វ័យរិនបំពេញវិជ្ជាចំនួន ២០០ នាក់។

ក្នុងនោះ យោងតាមលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា នៅក្នុងខេត្តសៀមរាប មានសិស្សបានប្រឡងជាប់និទ្ទេស A ចំនួន១៥៣នាក់ ក្នុងចំណោមបេក្ខជនសរុបចំនួន៨.៨៣២នាក់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *