(ភ្នំពេញ) ៖ លោក កី ម៉ានេរ៉ា អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាចៅក្រមស៊ើបសួរ កាលពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ បានសម្រេចចេញដីកាឃុំខ្លួនមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយម្នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពីបទ.វិតិក្រម ពាក់ព័ន្ធទៅនឹងអំពើពុករលួយ ។
ជនសង្ស័យរូបនោះមានឈ្មោះ ទូច ទិត្យវឌ្ឍនា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាមន្ត្រីនាយក ដ្ឋានកិច្ចការគតិយុត្ត ពាក្យបណ្តឹង និងអន្តរជាតិ នៃអង្គភាពប្រឆាំងអំពើពុករលួយ មានអាសយដ្ឋាននៅរាជធានីភ្នំពេញ ។
ការឃុំខ្លួនជនសង្ស័យខាងលើនេះ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា រឿងនេះតំណាងអយ្យការបានបើកការស៊ើបសួរចប់ នឹងបានបញ្ជូនទៅចៅក្រមស៊ើបសួររួចរាល់ហើយ ដោយចោទប្រកាន់ពីបទ.វិតិក្រម តាមមាត្រា ៥៩២ និងមាត្រា ៥៩៣ នៃក្រមព្រហ្មទណ្ឌ ។
សូមជម្រាបថា កាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ អង្គភាពប្រឆាំងអំពើពុករលួយ (កាត់សាច់ស្អុយ) បានបញ្ជូនមន្ត្រីរបស់ខ្លួនម្នាក់ ដូចមានឈ្មោះខាងលើនេះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធថាបានប្រព្រឹត្តអំពើពុករលួយ ដែលសំណុំរឿងនេះបានស្ថិតនៅលោក អ៊ុំ សុភក្ត ព្រះរាជអាជ្ញារង (ប្រចាំការ) បើកការស៊ើបសួរ ក្រោយពីសាកសួរតំណាងអយ្យការបានចោទប្រកាន់ជនសង្ស័យជាផ្លូវការ រួចបានចាត់បញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។
សូមជម្រាបទៀតថា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ អង្គភាពប្រឆាំងអំពើពុករលួយ បានចេញសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ ស្តីពីការបញ្ជូនខ្លួនជនសង្ស័យឈ្មោះ ទូច ទិត្យវឌ្ឍនា មន្ត្រីនាយកដ្ឋានកិច្ចការគតិយុត្ត ពាក្យបណ្តឹង នឹងអន្តរជាតិ នៃអង្គភាពប្រឆាំងអំពើពុករលួយ ។
សេចក្តីប្រកាសព័ត៌មានមានខ្លឹមសារថា អង្គភាពប្រឆាំងអំពើពុករលួយ ហៅថា (ACU) សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបថា ក្រុមស៊ើបអង្កេតផ្ទៃក្នុង នៃអង្គភាពប្រឆាំងអំពើពុករលួយ បានធ្វើការប្រមូលព័ត៌មាន ភស្តុតាងជាបន្តបន្ទាប់ ព្រមទាំងស្តាប់ចម្លើយរបស់ឈ្មោះ ទូច ទិត្យវឌ្ឍនា ភេទប្រុស អាយុ២៧ឆ្នាំ មន្ត្រីនាយកដ្ឋានកិច្ចការគតិយុត្ត ពាក្យបណ្តឹង អន្តរជាតិ រួចមក អង្គភាពប្រឆាំងអំពើពុករលួយបានរកឃើញថា ជនរូបនេះបានជាប់សង្ស័យ បានប្រព្រឹត្តល្មើសដែលប្បញ្ញាតក្នុងមាត្រា ៥៩២ (បទវិតិក្រម) នៃក្រមព្រហ្មទណ្ឌ នឹងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ។
ACU សូមបញ្ជាក់ថា ជនសង្ស័យឈ្មោះ ទូច ទិត្យវឌ្ឍនា បានប្រើប្រាស់វិធីនានា ក្នុងពេលដែលខ្លួនកំពុងទទួលខុសត្រូវទទួលពិនិត្យពាក្យបណ្តឹង ដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួនខុសច្បាប់ ហើយពេលដែលខ្លួនត្រូវបញ្ឈរជើងផ្អាកការងារហើយក្តី ក៏ឈ្មោះនេះមិនបានបញ្ឈប់សកម្មភាពខុសច្បាប់របស់ខ្លួន ហើយទាញយកផលប្រយោជន៍ពីពាក្យប្តឹង ដែលខ្លួនមិនទទួលបន្ទុកទៀតផង ។
អង្គភាពប្រឆាំងអំពើពុករលួយ សូមលើកទឹកចិត្តដល់សាធារណជន ចូលរួមផ្តល់ព័ត៌មានមកអង្គភាពប្រឆាំងអំពើពុករលួយជាបន្ទាន់ ក្នុងករណីដែលមានជនខិលខូចណាម្នាក់ អះអាងថាខ្លួនអាចប្រប្រាស់តួនាទីរបស់ខ្លួនជាមន្ត្រី ACU ដើម្បីជួយសម្រួលដល់កិច្ចការល្មើសច្បាប់ណាមួយ ។ អង្គភាពប្រឆាំងអំពើពុករលួយ បានសម្រេចបញ្ជូនជនសង្ស័យខាងលើនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់ ៕