សង្វៀនជលមាន់និងបៀរអាប៉ោងបើកលេងយ៉ាងអនាធិបតេយ្យនៅក្រុងសិរីសោភ័ណសមត្ថកិច្ចមិនបង្រ្កាប !

(ខេត្តបន្ទាយមានជ័យ) ៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា៖ទីតាំងដែលបុគ្គលឈ្មោះ ផេ ! បើកសង្វៀនបញ្ជល់មាន់ គឺនៅចំណុចជើងភ្នំស្វាយខាងជើងសាលាខេត្ត និងតុលាការ ខេត្តបន្ទាយមានជ័យ ហើយថែមទាំងនៅជិតបន្ទាយយោធាយោធភូមិភាគ៥ទិសទី១(បន្ទាយមានជ័យ) ភូមិ ភ្នំកន្ទួត សង្កាត់ កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

ក្នុងមួយថ្ងៃៗអ្នកលេងល្បែងមកប្រមូលផ្តុំគ្នាយ៉ាងពពាក់ពពូនពីព្រឹកដល់យប់ ហើយការបញ្ជល់មាន់១គូៗ មានដាក់ដើមថាន់ពី៥លានរៀល ដល់២០លានរៀល ហើយមានអ្នកចាក់លុយខាងក្រៅយ៉ាងប្រសេចប្រសាចថែមទៀត។ សមត្ថកិច្ចនគរបាល និងសមត្ថកិច្ចអាវុធហត្ថខេត្តបន្ទាយមានជ័យ ត្រូវប្រជាពលរដ្ឋរិះគន់ថា៖ មិនយកចិត្តទុកដាក់ បង្ក្រាបល្បែងស៊ីសងខុសច្បាប់ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គមនោះទេ។

 

ប្រភពព័ត៌មានពីប្រជាពលរដ្ឋក្នុងភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងទៀតថា៖ នៅក្នុងមូលដ្ឋានរបស់ពួកគាត់មានបុគ្គលម្នាក់ឈ្មោះ ផេ ! បើកសង្វៀនបញ្ជាល់មាន់ទ្រង់ទ្រាយធំ ដោយមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន មិនចាត់វិធានការទប់ស្កាត់ឡើយ។ ទាំងនាយ ប៉ុស្តិ៍នគរបាលសង្កាត់កំពង់ស្វាយ ក៏ដូចជាអធិការនគរបាលក្រុងសិរីសោភ័ណ បានរក្សាភាពស្ងៀមស្ងាត់ទុកឲ្យបុគ្គលឈ្មោះ ផេ ! ធ្វើអ្វីៗតាមអំពើចិត្ត។ ហេតុនេះហើយ ទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ! ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោក អ៊ុ រាត្រី ! អភិបាលខេត្តបន្ទាយមានជ័យ បង្ក្រាបល្បែងស៊ីសងនៅក្នុងសង្កាត់កំពង់ស្វាយ ជាបន្ទាន់ដើម្បីពង្រឹងសន្តិសុខសង្គមឲ្យស្របទៅតាម គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុច។

ប្រជាពលរដ្ឋបានលើកឡើងថា៖ ដោយសារល្បែងស៊ីសងខុសច្បាប់កើតឡើងពេញបន្ទុក ទើបសព្វថ្ងៃនេះ ក្នុងទឹកដី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ កើតមានអំពើចោរកម្ម និងបទល្មើសផ្សេងៗគួរឲ្យភ័យខ្លាច ចំណែកមេល្បែងស៊ីសងប្រមូលលុយបាន យ៉ាងច្រើនក្នុងមួយថ្ងៃៗ។ ហេតុនេះលោក សិទ្ធិ ឡោះ ! ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោក អ៊ុ រាត្រី ! អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងលោក បោន ប៊ិន ! មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ មិនគួរបណ្តែតបណ្តោយតទៅទៀតឡើយ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *