តុលាការឃុំបុរសជាប្តីជាប់ចោទសម្លាប់ប្រពន្ធជិត១ឆ្នាំមុននៅក្រុងព្រះវិហារ..!

(ព្រះវិហារ)៖តុលាការខេត្តព្រះវិហារ កាលពីល្ងាចថ្ងៃទី៦ខែមករាឆ្នាំ២០២២បានសម្រេចឃុំខ្លួនបុរសជាប្តីដែលជាប់ចោទសង្ស័យថា បានសម្លាប់ប្រពន្ធស្ត្រីមេតុងទីនម្នាក់កាលពីជិត១ឆ្នាំមុននៅក្រុងព្រះវិហារ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ វិញ ទិត្យបុផា អាយុ៥៣ឆ្នាំ រស់នៅភូមិស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារជាប់សង្ស័យក្នុងឃាតកម្មសម្លាប់ប្រពន្ធ។

ស្ត្រីរងគ្រោះឈ្មោះយ៉ុង ស៊ីធឿង។

គួររំលឹកថា កាលពីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១កន្លងទៅមានករណីស្ត្រីម្នាក់ធ្វើអត្តឃាតដោយបានចងក សម្លាប់ខ្លួនក្នុងរោងដាក់រថយន្តជាប់សំយ៉ាបផ្ទះស្ថិតនៅភូមិស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ។ជនអត្តឃាតជាមេតុងទីនឈ្មោះយ៉ុង ស៊ីធឿង ។

ប៉ុន្តែក្រោយពីមានពាក្យបណ្តឹងពីក្រុមគ្រួសារនៃសព លោក វុធសាវីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត ដើម្បីបើកការអង្កេតលើករណីចងកសម្លាប់ខ្លួននេះឡើងវិញ។

 

ក្រោយការស៊ើបអង្កេតអស់ច្រើនខែសមត្ថកិច្ចបានរកឃើញតម្រុយពិរុទ្ធភាពលើជនសង្ស័យឈ្មោះវិញ ទិត្យបុផា ដែលត្រូវជាប្តីស្ត្រីរងគ្រោះដែលបានរៀបចំគម្រោងសម្លាប់ប្រពន្ធ នៅថ្ងៃទី១៨មីនា២០២១។ក្នុងនោះបានឆែកឆេរលំនៅស្ថានរកឃើញអាវុធខ្លីដែលជនសង្ស័យលាក់ទុកខុសច្បាប់ម៉ាក k59មួយដើមគ្រាប់ ៥២គ្រាប់ បង់ចំនួន៤,បង់អាវុធ Ak47មួយមានគ្រាប់ចំនួន២៥គ្រាប់ និងគ្រឿងអលង្ការមួយចំនួន ដែលជនរងគ្រោះធ្លាប់ប្រើប្រាស់ពេលនៅរស់ ។

 

ផ្នែកជំនាញបានបញ្ជាក់ថា អំពើរបស់ឈ្មោះ វិញទិត្យបុផាជាបទ ឃាតកម្មគិតទុកជាមុន និងបទ កាន់កាប់អាវុធខុសច្បាប់ ។តុលាការខេត្តព្រះវិហារសម្រេចឃុំខ្លួនដាក់ពន្ធនាគារខេត្តកាលពីល្ងាចថ្ងៃ៦មករាឆ្នាំ២០២២រង់ចាំបើកសវនាពេលក្រោយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *