សាលារៀនវេសហេ្គតអន្តរជាតិ ធ្វើពិធីចែកវិញ្ញាបនប័ត្រនិងប័ណ្ណសរសើរមុនគេបន្ទាប់ពីជំងឺកូវីដ ថមថយ

ថ្លែងក្នុងពិធីចែកវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាបឋមភូមិដល់សិស្សចំនួន ១៤៤នាក់ និងផ្តល់អាហារូបករណ៍ដល់សិស្សឆ្នើមរបស់សាលាវេសហ្គេតអន្តរជាតិ ក្នុងឆ្នាំសិក្សា២០២០-២០២១ ស្ថិតក្នុងសង្កាត់គោកចក ក្រុងសៀមរាប នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប ទទួលបន្ទុកការងារអប់រំ លើកឡើថា៖ មានកត្តាបីយ៉ាង ប្រៀបដូចជាមុំត្រីកោណជួយឱ្យវិស័យអប់រំនៅគ្រប់កម្រិតទទួលបានជោគជ័យ ក្នុងនោះមាន ទី១ សិស្សានុសិស្សខ្លួនឯង ទី២ ការលើកទឹកចិត្តពីអាណាព្យាបាល និងទី៣ គឺសាលារៀន និងលោកគ្រូអ្នកគ្រូ។

លោកអភិបាលរងខេត្ត បញ្ជាក់បន្ថែមថា ដើម្បីទទួលបានជោគជ័យក្នុងការសិក្សានាពេលអនាគត ជំហានដំបូង ក្មួយៗត្រូវខិតខំ រៀនសូត្រដោយខ្លួនឯងជាមុនសិន បន្ទាប់មកឳពុកម្តាយ ក្រុមគ្រួសារ ឬអាណាព្យាបាល ត្រូវជំរុញការលើកទឹកចិត្ត និងទំនុកបម្រុង សម្រាប់ការសិក្សារបស់ក្មួយៗ និងចុងក្រោយ សាលារៀន លោកគ្រូអ្នកគ្រូ ជាផ្នែកដ៏សំខាន់មួយ ក្នុងការបង្ហាត់បង្រៀន បណ្តុះបណ្តាលដល់ក្មួយៗឱ្យទទួលបានចំណេះដឹងប្រកបដោយគុណវុឌ្ឍិ និងបានយល់ដឹងបន្ថែមពីស្ថានភាពសង្គម ទាំងសីលធម៌ អាកប្បកិរិយាមារយាទ និងការចេះសេពគប់មនុស្ស សម្រាប់ការរស់នៅក្នុងជីវភាពប្រចាំថ្ងៃ។

ទន្ទឹមនោះ លោកអភិបាលរងខេត្ត ក៏បានលើកឡើងពី ផលប៉ះពាល់ជាសកលលើវិស័យសំខាន់ៗ ដោយសារវិបត្តិជំងឺកូវីដ-១៩ រយៈពេលជិត២ឆ្នាំមកនេះ ជាពិសេសវិស័យអប់រំនៅលើពិភពលោកនិយាយរួម និយាយដោយឡែកនៅកម្ពុជានិងខេត្តសៀមរាប បានបណ្តាលឱ្យសាលារៀនត្រូវផ្អាកដំណើរការនៅនឹងកន្លែងទាំងស្រុង ដោយជំនួសមកវិញនូវការសិក្សាពីចម្ងាយ។ទោះជាយ៉ាងណាក៏ដោយ លោក ពៅ ពិសិដ្ឋ ក៏បានសម្តែងនូវការអបអរសាទរផងដែរ ចំពោះការបើកប្រទេសពេញលេញឡើងវិញរបស់រាជរដ្ឋាភិបាល ដែលបាននាំមកនូវកាលានុវត្តភាព សម្រាប់ការស្តារឡើងវិញលើគ្រប់វិស័យរបស់ជាតិ។ ជាមោទនភាពក្រៃលែង ដែលវិស័យអប់រំសិក្សាធិការជាតិ ត្រូវបានវិលត្រឡប់មកវិញក្នុងប្រក្រតីភាពថ្មី ក្រោមនីតិវិធីប្រតិបត្តិស្តង់ដាសុវត្ថិភាព SOP ហើយជាក្តីសង្ឃឹមជាថ្មីផងដែរ ដែលថ្នាលផលិតធនធានមនុស្ស បានងើបចេញពីវិបត្តិកូវីដ-១៩ និងបានបន្តបំពេញតួនាទីរបស់ខ្លួន ឆ្លើយតបតាមស្ថានភាពនៃការស្តារ-អភិវឌ្ឍន៍របស់ប្រទេសជាតិ។

តាមរយៈការណែនាំ ក៏ដូចជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន រដ្ឋបាលខេត្តសៀមរាបគ្រប់គ្រងបានទាំងស្រុង ដោយអត្រាឆ្លងជំងឺកូវីដ-១៩ បានធ្លាក់មកនៅក្នុងកម្រិតទាបជាបន្តបន្ទាប់គិតមកដល់ពេលនេះ ជាមួយគ្នានោះការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ពេញលេញ គិតចាប់ពីកុមារអាយុ៥ឆ្នាំឡើងលើ សរុបបានជាង៩០ភាគរយហើយនៅទូទាំងខេត្ត។

 

លោក រ័ត្ន រស្មី នាយកសាលាវេសហ្គេតអន្តរជាតិខេត្តសៀមរាបបានបញ្ជាក់ថា ឆ្នាំសិក្សាកន្លងមកនេះ ក្រោមផលប៉ះពាល់យ៉ាងខ្លាំងដោយជំងឺរាតត្បាតកូវីដ-១៩ សាលាបានរៀបចំផ្តល់ការសិក្សាអប់រំពីចម្ងាយ និងតាមប្រព័ន្ធអេឡិចត្រូនិច ចាប់ពីកម្រិតមត្តេយ្យសិក្សាដល់កម្រិតមធ្យមសិក្សា។ ជាលទ្ធផលសម្រាប់សិស្សបឋមសិក្សាបានប្រឡងជាប់លើសពី៩៥ភាគរយ សិស្សកម្រិតមធ្យមសិក្សាប្រឡងជាប់លើសពី៩៨ភាគរយ ដោយឡែកសិស្សដែលបានប្រឡងជាប់ថ្នាក់មធ្យមសិក្សាបឋមភូមិមាន៩៨ភាគរយ ក្នុងនោះសិស្សទទួលបាននិទ្ទេសល្អចំនួន១១នាក់ និទ្ទេសល្អបង្គួរចំនួន១៩ នាក់។ ដើម្បីផ្ដល់កម្លាំងចិត្តជូនដល់ប្អូនៗ នៅឆ្នាំសិក្សាបន្ទាប់នេះ គណៈគ្រប់គ្រងសាលាបានសម្រេចប្រគល់អាហារូបករណ៍៥០ភាគរយ សម្រាប់សិស្សដែលមាននិទ្ទេសល្អ និង៤៥ភាគរយសំរាប់និទ្ទេសល្អបង្គួរ៕ដោយ៖ សុខណា

You might like

Leave a Reply

Your email address will not be published. Required fields are marked *