ពិធីថ្វាយព្រះភ្លើងនេះ ត្រូវបានធ្វើឡើងនៅព្រះមេរុ មុខវត្តបុទុមវត្តី រាជធានីភ្នំពេញ ដោយមានការយាង និងអញ្ជើញចូលរួម ពីព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះរាជវង្សសានុវង្ស និងមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាជាច្រើនផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញនូវក្តីក្តុកក្តួល និងសោកស្ដាយជាទីបំផុត ចំពោះការបាត់បង់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ។ សម្ដេចតេជោបានចាត់ទុកថា នេះគឺជាការបាត់បង់ព្រះរាជឥស្សរជនក្នុងព្រះរាជវង្សដ៏ល្អឆ្នើមមួយព្រះអង្គ ដែលទ្រង់ពេញព្រះហឫទ័យ ស្នេហាជាតិ សាសនា ព្រះមហាក្សត្រ ប្រកបដោយព្រះឆន្ទៈមនសិការមោះមុត និងវាងវៃជាអតិបរមា ។
សូមលំឱនកាយវាចាចិត្ត ឧទ្ទិសបួងសួងយាងដួងព្រះវិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សូមព្រះអង្គយោនយកកំណើតក្នុងព្រះសុគតិភពគ្រប់ៗព្រះជាតិកុំបីឃ្លៀងឃ្លាតឡើយ ៕