ព្រមានចំពោះមន្ត្រីដែលយកកម្រៃសេវាពីពលរដ្ឋលើសច្បាប់កំណត់..!

ព្រះវិហារ៖ អភិបាលខេត្តព្រះវិហារលោក ប្រាក់ សុវណ្ណ បានប្រកាសចាត់វិធានការតាមច្បាប់ ចំពោះមន្ត្រីដែលយកកម្រៃសេវាសាធារណៈនានាពីពលរដ្ឋលើសពីច្បាប់បានកំណត់។

អភិបាលខេត្តបានថ្លែងក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការរង្វង់មូលស្រអែម ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារនាពេលកន្លងទៅ ។

លោកបន្តថា ដើម្បីបន្តគាំទ្រយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ជាពិសេសនៅដំណាក់កាលដែលពលរដ្ឋកំពុងស្ដារឡើងវិញនូវសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ “ខ្ញុំសូមអំពាវនាវ និងណែនាំបន្ថែមទៀតដល់មន្ត្រីរាជការ និងមន្ទីរ អង្គភាព ជុំវិញខេត្ត ដែលផ្ដល់សេវាសាធារណៈនានា ជូនពលរដ្ឋ។សូមបន្តយកចិត្តទុកដាក់ បម្រើសេវាជូនពួកគាត់ឱ្យបានល្អប្រសើរ ដោយមិនត្រូវយកកម្រៃក្រៅពីច្បាប់មានចែងបានឡើយ”។


ជាពិសេស គឺសេវា អត្រានុកូលដ្ឋាន សេវាសុរិយោដី កាត់ប្លង់ រត់ប្លង់រឹង ដាក់បន្ទុក ដោះបន្ទុក ដើម្បីខ្ចីប្រាក់ធនាគារ បង់ពន្ធប្រថាប់ត្រាផ្ទេរដីធ្លី សេវាសុខាភិបាល សេវាអប់រំ ភាស៊ីផ្សារ ចំណតរថយន្ត ជាដើម …។ល។

លោកបានបន្តថា ក្នុងករណីដោះស្រាយមិនបាន គឺត្រូវទូរសព្ទទំនាក់ទំនងមក លោក យុង គឹមហ៊ាន អភិបាលរងខេត្តទទួលបន្ទុកសេវាច្រកចេញចូលតែមួយ តាមលេខទូរសព្ទ 012 243 788 និង 097 9 243 788។ បើគាត់ដោះស្រាយឱ្យមិនបានទេ គឺសូមបងប្អូនទូរសព្ទទំនាក់ទំនងមកខ្ញុំតាមលេខទូរសព្ទ 097 240 6400 និង 078 39 5555។ ខ្ញុំក៏មានវិធានការបន្ថែមដោយឱ្យលោក យុង គឹមហ៊ាន តាមដានពន្លឿនគ្រប់សេវាឱ្យបានឆាប់រហ័ស និងសាកសួរព័ត៌មានបងប្អូន ក្រែងមានមន្ត្រីណាម្នាក់ យកសេវាលើសច្បាប់កំណត់ផងដែរ ហើយបើរកឃើញថាមានយកលើសមែន ខ្ញុំនឹងចាត់វិធានការច្បាប់តែម្ដង។
ចំពោះសេវាផ្សេងៗទៀត ក៏អនុវត្តដូចគ្នាដែរ ដូចជាអត្រានុកូលដ្ឋាន គឺមិនតម្រូវឱ្យបង់ប្រាក់ទេ បើមានករណីបង់ប្រាក់ គឺលោកអភិបាលក្រុង-ស្រុក ត្រូវទទួលខុសត្រូវចំពោះរូបខ្ញុំ។ឧទាហរណ៍ថា បើមានករណី ទារលុយ ធ្វើសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ សូមបងប្អូនទូរសព្ទទំនាក់ទំនងមកលោក អធិការក្រុង-ស្រុក និងលោកអភិបាលក្រុង-ស្រុក បើអ្នកទាំងពីរដោះស្រាយមិនបាន សូមទូរសព្ទទំនាក់ទំនងមក លោកឧត្ដមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត តាមលេខទូរសព្ទ 097 677 8888 បើលោកឧត្ដម សេនីយ៍ដោះស្រាយមិនបានទៀត សូមទូរសព្ទទំនាក់ទំនង មកខ្ញុំផ្ទាល់តែម្ដង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *