ព្រះរាជពិធីបុណ្យសពសម្តេចក្រុមព្រះ ប្រារព្ធធ្វើពីថ្ងៃទី ៥ដល់ថ្ងៃទី ៨ខែធ្នូ។
រាជរដ្ឋាភិបាលកម្ពុជាបានចេញប្រកាសសម្រេចយកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ជាថ្ងៃកាន់ព្រះមរណទុក្ខផ្លូវការទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីជាកិច្ចថ្វាយតបនូវព្រះគុណូបក្ការៈដ៏ធំធេង នៃសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលពេញមួយព្រះជន្មព្រះអង្គ មានគុណបំណាច់យ៉ាងធំធេងចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ។
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងសោយព្រះទិវង្គត ក្នុងព្រះជន្ម ៧៧ ព្រះវស្សា នាសាធារណរដ្ឋបារាំង វេលាម៉ោង ៣:៤០នាទី ម៉ោងនៅទីក្រុងភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយព្រះជរាពាធ។ ព្រះអង្គ ព្រះប្រសូតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩៤៤ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រា នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ ។