រដ្ឋមន្រ្តីក្រសួងកសិកម្ម អញ្ជើញចុះត្រួតពិនិត្យមណ្ឌលចិញ្ចឹមអណ្តើកស​រ​សៃ(អណ្តើកហ្លូង) របស់អង្គការសមា​គមអភិរក្សសត្វព្រៃ (Wildlife Co​n​servation Society,WCS) នៅខេត្តកោះកុង

ខេត្តកោះកុង ៖ ថ្ងៃអាទិត្យ ៣កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ តាមផ្លូវទៅ​កាន់ក្រុមហ៊ុន Greenrich ដែលជាទិសដៅចុងក្រោយនៃកម្មវិធីបេសកកម្មចុងសប្តាហ៍របស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ឋាប្រមាញ់ និ​ង​នេសាទ និងលោកជំទាវអភិបាលនៃគណៈអភិបាលខេត្តកោះកុង រួមជាមួយសហការីបានអ​ញ្ជើ​ញ​ម​កពិនិត្យមណ្ឌលចិញ្ចឹមអណ្តើកសរសៃ (អណ្តើកហ្លូង) របស់អង្គការសមាគមអភិរក្សសត្វព្រៃ (Wildlife Conservation So​ci​et​y​​​​,WCS) នៅភូមិទួលគគី ឃុំទួលគគី ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង។

លោក អិត ហ៊ុល អ្នកបច្ចេកទេស បានមានប្រសាសន៍ថា មណ្ឌលនេះ គឺជាគម្រោងមួយសហការជាមួយរដ្ឋបាលជលផល ប្រមូល​អ​​​​​ណ្តើកមកចិញ្ចឹម បង្កាត់ពូជ និងអភិរក្ស។ គម្រោងនេះចាប់ដំណើរការក្នុងឆ្នាំ២០០១ ដោយទទួលបានការឧបត្ថមថវិកា និង​ប​ច្ចេកទេសពីអង្គការ WCS និងបានធ្វើការវិវឌ្ឍន៍ជាបន្តបន្ទាប់ បច្ចុប្បន្នកសិដ្ឋានមានមេបាពូជចំនួន ២០៤ក្បាល។

លោក អិត ហ៊ុល បញ្ជាក់បន្តថា អណ្តើកហ្លូងនេះ ជាប្រភេទសត្វមានដោយកម្រ និងជិតផុតពូជ (គ្រប់គ្រងដោយអនុសញ្ញាសាយ​តេ​ស្ត យ៉ាងម៉ឺងម៉ាត់ ហាមធ្វើការជួញដូរ) បច្ចុប្បន្នមានតែនៅក្នុងខេត្តកោះកុង ហើយនៅលើពិភពលោកមានតែនៅប្រទេស​ឥ​ណ្ឌា ម៉ាឡេស៊ី បង់ក្លាដែស និងកម្ពុជា ហើយមានតែនៅខេត្តកោះកុងដែលមានលក្ខណ:បរិស្ថាន ធម្មជាតិទឹក ចំណី និងខ្សាច់​ព​ង​​កូន ល្អប្រសើរសម្រាប់សត្វនេះរស់នៅបន្តពូជបាន។ រហូតមកទល់បច្ចុប្បន្នកសិដ្ឋានភ្ញាស់កូនបាន ៤៥៦ក្បាល ថែរក្សាក្នុងម​ណ្ឌ​ល​អភិរក្ស ២០៤ក្បាល ចិញ្ចឹមថែរក្សាក្នុងមណ្ឌលខេត្តសៀមរាប ២៧ក្បាល លែងចូលក្នុងព្រែកធម្មជាតិដោយបំពាក់ឧបករណ៍តាមដានចំនួន ៨៦ក្បាល និងចំនួន ១៣៩ក្បាលទៀត បានលែងចូលតាមបឹង ព្រែកធម្មជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវអភិបាលខេត្ត បានសម្តែងនូវការគាំទ្រ និងលើកទឹកចិត្តដល់សកម្មភាពអភិរក្សសត្វអណ្តើកហ្លួង ដែលជាសត្វមានដោយកម្រ និងជិតផុតពូជ និងជាពិសេស ជាសត្វប្រចាំភូមិសាស្រ្តនៃដឹកដីខេត្តកោះកុង។ ឯកឧត្តម សុំ​ឱ្យ​រដ្ឋបាលជលផល និងសាកលវិទ្យាល័យភូមិន្ទកសិកម្មបញ្ជូនមន្រ្តី និងនិស្សិតមកសិក្សាស្រាវជ្រាវ ដកស្រង់បទពិសោធន៍ក្នុងបំ​ណ​ងលើកកម្ពស់សមត្ថភាពការងារស្រាវជ្រាវ បង្កាត់ពូជ ចំណី ក្សេត្របរិស្ថាននៃជីវិតរស់នៅ និងអភិរក្ស ដើម្បីបង្កើនចំនួនកូនញាស់ សម្រាប់យកទៅលែងក្នុងបឹង ព្រែក និងដៃសមុទ្រធម្មជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យរដ្ឋបាលជលផល សហការជាមួយអង្គការ ដើម្បីរៀបចំចងក្រងឯកសារផ្លូវច្បាប់ ក្នុងបំណងកា​រ​ពា​រ និងអភិរក្សសត្វអណ្តើកហ្លូងរបស់យើងឱ្យបានគង់វង្សតរៀងទៅ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *