ភ្នំពេញ៖ដំណឹងដ៏សែនក្រៀមក្រំ ខណៈសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សោយទិវង្គតក្នុងព្រះជន្ម៧៧ព្រះវស្សា នៅប្រទេសបារាំង។
តាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតប្រធានគណបក្សហ្វុនស៊ិនប៉ិច ទ្រង់បានសោយទិវង្គតក្នុងព្រះជន្ម៧៧ព្រះវស្សា នៅប្រទេសបារាំង នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់បានសោយទិវង្គតនេះសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងក្នុងសារចូលរួមរំលែកទុក្ខនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១៖ ការសោយទិវង្គតរបស់សម្ដេច”ក្រុមព្រះ”គឺជាការបាត់បង់ព្រះរាជឥស្សរជនឆ្នើមមួយព្រះអង្គ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបង្ហោះលើ Facebook ផ្លូវការរបស់លោកនៅមុននេះបន្តិចថា “ទើបទទួលដំណឹងពីឯកឧត្តម អ៊ុម ដារាវុឌ្ឍ ថា សម្តេចក្រុមព្រះបានចូលទិវង្គតកាលពីព្រឹក ម៉ោង៩៖៤០នាទី ត្រូវនឹងម៉ោង៣៖៤០នាទីម៉ោងនៅភ្នំពេញ នៅក្នុងប្រទេសបារាំង”។ព្រះអង្គមានព្រះរោគធ្ងន់ធ្ងរបន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ តាមបណ្តោយផ្លូវជាតិលេខ៤ ប៉ុន្មានឆ្នាំកន្លងទៅ។
លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច ក៏បានឱ្យអ្នកសារព័ត៌មានដឹងថា ព្រះរាជសព របស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ នឹងយាងតាមព្រះទីន័ង មកដល់កម្ពុជាក្នុងពេលឆាប់ៗ ដើម្បីធ្វើតាមបុណ្យតាមបវេណី។
លោក ញឿន រ៉ាដែន បន្ថែមថា “យោងតាមព្រះរាជបុត្រាបុត្រីលោក ជាពិសេសថ្នាក់ដឹកនាំ គណបក្ស បានដឹកនាំគិតគូ យាងតាមព្រះទីន័ងពិសេសមួយ ពីប្រទេសបារាំង នឹងមកដល់កម្ពុជា ក្នុងពេលដ៏ល្បីខាងមុខនេះ»៕