ចេញផ្សាយថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ រាជធានីភ្នំពេញ ៖ សហព័ន្ធកីឡាសូហ្វតេន្នីសកម្ពុជាបានប្រមូលផ្តុំកីឡាករ កីឡាការិនីជម្រើសជាតិឡើងវិញហើយបាន១សប្តាហ៍ ប៉ុន្តែគ្រូជម្រើសជាតិនៃប្រភេទកីឡាមួយនេះអះអាងពីការធ្លាក់ចុះនូវគុណភាពថាមពលកម្លាំង និងបច្ចេកទេស ដោយត្រូវស្តារឡើងវិញ ក្នុងរយៈពេល២ទៅ៣ខែបន្តទៀត។
លោក យី សារិន គ្រូបង្វឹកជម្រើសជាតិកីឡាសូហ្វតេន្នីសកម្ពុជាបានបញ្ជាក់ឱ្យដឹងកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះថា ដើម្បីស្តារថាមពលកម្លាំង និងគុណផលរបស់កីឡាករ កីឡាការិនីជម្រើសជាតិរបស់ខ្លួនឱ្យប្រសើឡើងវិញ គឺត្រូវការពេលវេលាហ្វឹកហាត់ចម្លោះពី២ទៅ៣ខែ បន្ទាប់ពីការប្រកាសរំសាយមិនឱ្យមានការប្រមូលផ្តុំដោយសារវិបត្តិជំងឺកូវីដ-១៩។ លោកបានសង្កេតឃើញថា បច្ចេកទេសរបស់កីឡាករ កីឡាការិនីបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ក្នុងពេលដែលមានការប្រមូលផ្តុំឡើងវិញ ក្នុងមួយសប្តាហ៍មកនេះ។ លោកបានអះអាងថា ការធ្លាក់ចុះនេះ គឺការបាត់បង់កម្លាំង សន្ទុះយឺតខ្លាំង ឆាប់ហត់ ព្រមទាំងបច្ចេកទេសលើទីលាន។ ជាមួយគ្នានេះ លោកក៏កំពុងផ្តល់ការហ្វឹកហាត់ដល់ក្រុមជម្រើសជាតិរបស់ខ្លួន ដោយផ្តោតលើបច្ចេកទេសឱ្យបានច្រើន និងបង្ហាត់ពីរបៀបវាយបាល់ដូចក្នុងពេលប្រកួតជាក់ស្តែង។ ពេលនេះសហព័ន្ធកីឡាសូហ្វតេន្នីសកម្ពុជាបានប្រមូលផ្តុំក្រុមជម្រើសជាតិរបស់ខ្លួនឡើងវិញហើយ។
សូមរម្លឹកថា គ្រប់ប្រភេទកីឡាទាំងអស់នៅកម្ពុជា រួមទាំងប្រភេទកីឡាសូហ្វតេន្នីសបានប្រកាសរំសាយការប្រកួត និងការប្រមូលផ្តុំហ្វឹកហាត់ទ្រង់ទ្រាយធំ តាំងពីអំឡុងខែមីនា ឆ្នាំ២០២០មកម្លេះ តាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយអនុលោមតាមវិធានការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩របស់ក្រសួងសុខាភិបាល៕