ខេត្តសៀមរាប ៖ ប្រភពពីប្រជាពលរដ្ឋនៅឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានឲ្យដឹងថា នៅក្នុងមូលដ្ឋានពួកគាត់មានឈ្មួញធ្វើអាជីវកម្មបូមខ្សាច់យ៉ាងរលូន បើទោះបីជាតំបន់នោះស្ថិតនៅទីតាំងដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា យ៉ាងណាក៏ដោយ។ បើតាមការបង្ហើបពីមន្ត្រីរាជការនៅក្នុងមន្ទីររ៉ែនិងថាមពលខេត្តសៀមរាប បានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក មាស ជូរ៉ានី ប្រធានមន្ទីររ៉ែនិងថាមពលខេត្តសៀមរាប ទេនោះគឺក្រុមហ៊ុនយុវពាណិជ្ជ មិនអាចធ្វើអ្វីៗតាមអំពើចិត្តបានឡើយ។
មន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងឃុំអំពិល ស្រុកប្រាសាទបាគង បានឲ្យដឹងថា ក្រុមហ៊ុនយុវពាណិជ្ជ ដែលមានអាសយដ្ឋាននៅរាជធានីភ្នំពេញ មានការអនុញ្ញាតឲ្យធ្វើអាជីវកម្មខ្សាច់សំណង់នៅតំបន់ស្ទឹងរលួស ភូមិត្រាច ឃុំបល្ល័ង្ក និងឃុំអំពិល ស្រុកប្រាសាទបាគង ហើយលិខិតអនុញ្ញាតចុះហត្ថលេខាដោយលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល។ តាមរយៈលិខិតអនុញ្ញាតនោះ ស្រាប់តែក្រុមហ៊ុនយុវពាណិជ្ជ ប្រើគ្រឿងចក្រប្រើគ្រឿងចក្រឈូសឆាយព្រៃឈើទន្ទ្រានយកធ្វើជាទីតាំងបូមខ្សាច់នៅលើដីដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា យ៉ាងគឃ្លើន។ ចំណែកលោក មាស ជូរ៉ានី ប្រធានមន្ទីររ៉ែនិងថាមពលខេត្តសៀមរាប សម្ងំស្ងាត់ឈឹង ហើយថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សារា ក៏មិនទាន់ចាត់វិធានការទប់ស្កាត់នៅឡើយដែរ។
ប្រជាពលរដ្ឋក្នុងឃុំអំពិល និងឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង បានឲ្យដឹងថា ក្រៅពីឈូសឆាយទន្ទ្រានដីព្រៃយកធ្វើអាជីវកម្មបូមខ្សាច់យ៉ាងពេញបន្ទុក គឺក្រុមហ៊ុនយុវពាណិជ្ជ បានប្រើប្រាស់រថយន្តធំៗដឹកខ្សាច់បំផ្លាញ់ផ្លូវក្នុងមូលដ្ឋានជាបន្តបន្ទាប់។
ហេតុនេះលោក ទៀ សីហា អភិបាលខេត្តសៀមរាប ព្រមទាំងលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល មិនគួរបណ្តែតបណ្តោយឲ្យក្រុមហ៊ុនយុវពាណិជ្ជ ធ្វើអ្វីៗតាមអំពើចិត្តនោះទេ ក្នុងខណៈដែលលោក មាស ជូរ៉ានី ប្រធានមន្ទីររ៉ែនិងថាមពលខេត្តសៀមរាប គិតតែផលប្រយោជន៍ផ្ទាល់ខ្លួន។ មានការរិះគន់ចំៗថា អាជីវកម្មបូមខ្សាច់នៅស្រុកប្រាសាទបាគង និងស្រុកផ្សេងៗទៀតទូទាំងខេត្តសៀមរាប សុទ្ធតែជាប្រភពចំណូលរបស់លោក មាស ជូរ៉ានី ប្រធានមន្ទីររ៉ែនិងថាមពលខេត្តសៀមរាប ដែលល្បីល្បាញខាងប្រមូលលុយតាមរបៀបពុករលួយជាយូរមកហើយ៕