ខេត្តកណ្តាល ៖ ប្រភពពីប្រជាពលរដ្ឋនៅភូមិពុកប្ញស្សីលើ ភូមិពុកប្ញស្សីកណ្តាល និង ភូមិពុកប្ញស្សីក្រោម ឃុំពុកប្ញស្សី ស្រុកខ្សាច់កណ្តាល បានឲ្យដឹងថា បឹងចំនួន៧កន្លែងក្នុងមូលដ្ឋានពួកគាត់ ត្រូវឈ្មួញជីកអាចម៍ដីនៅតំបន់មេទឹកដឹកជញ្ជូនមកចាក់លុបយកធ្វើជាកម្មសិទ្ធិយ៉ាងអនាធិបតេយ្យ។ ក្នុងនោះមានទាំងក្រុមហ៊ុនដែលមានថៅកែជាជនជាតិកូរ៉េ កំពុងធ្វើសកម្មភាពលើកទំនប់ចាក់លុបដីបឹង យកធ្វើជាកម្មសិទ្ធិឯកជនយ៉ាងស្រួលៗ ព្រោះមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីអាជ្ញាធរថា្នក់ឃុំ និងថា្នក់ស្រុក។
ប្រភពពីលោក អាង លីឡេង មេឃុំពុកប្ញស្សី បានឲ្យដឹងថា ករណីគ្រឿងចក្រជីកយកអាចម៍ដីពីតំបន់មេទឹកប្រមូលខ្លា គឺលោកមិនហ៊ានអនុញ្ញាតនោះទេ ប៉ុន្តែលោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល ជាអ្នកអនុញ្ញាតឲ្យឈ្មួញជីកដីទំហំ៦ហិកតាដើម្បីចាក់ធ្វើផ្លូវក្នុងមូលដ្ឋាន។ ក៏ប៉ុន្តែជាក់ស្តែងឈ្មួញមិនបានដឹកជញ្ជូនអាចម៍ដីធ្វើផ្លូវនោះទេ ហើយបែរជាដឹកជញ្ជូនអាចម៍ដីពីតំបន់មេទឹកយកទៅចាក់លុបបឹង៧កន្លែងក្នុងភូមិចំនួន៣នៃឃុំពុករប្ញស្សី ទៅវិញ។ ប្រភពខ្លះបានលើកឡើងថា លោក អាង លីឡេង មេឃុំពុកប្ញស្សី កំពុងដោះសាយករួចខ្លួនព្រោះទាល់តែមានការឃុបឃិតពីមេឃុំ និងអភិបាលស្រុកទើបឈ្មួញហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។
ប្រជាពលរដ្ឋបានឲ្យដឹងថា បឹងចំនួន៧កន្លែងដែលឈ្មួញចាក់ដីលុបនោះ គឺជាតំបន់ដែលអ្នកភូមិប្រកបរបរនេសាទនិងដាំដំណាំកសិកម្មផ្សេងៗក៏ដូចជាធ្វើស្រែប្រាំងផងដែរ ហើយឥឡូវនេះមានក្រុមហ៊ុនកូរ៉េកំពុងដឹកដីចាក់លុបបឹងយ៉ាងរលូន។
ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ក៏ដូចជាក្រសួងនិងស្ថាប័នពាក់ព័ន្ធចាត់វិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពមុនពេលបឹងចំនួន៧ក្នុងឃុំពុកប្ញស្សី ធ្លាក់ក្នុងកណ្តាប់ដៃឈ្មួញនិងក្រុមហ៊ុន។ ជានេះទៅទៀតលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល មិនគួរបណ្តោយឲ្យមន្ត្រីអាជ្ញាធរថ្នាក់ឃុំថ្នាក់ស្រុកឃុបឃិតគ្នាធ្វើអ្វីៗតាមអំពើចិត្តទៀតទេ ព្រោះលោក ប៊ុន ផេង ឃុបឃិតឲ្យឈ្មួញចាក់ដីលុបបឹងច្រើនកន្លែងមកហើយនៅស្រុកខ្សាច់កណ្តាល ៕